
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីភពផែនដីយើង នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជិះកង់ជិត ២០០០នាក់។
ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាគូសបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីជំរុញសកម្មភាពនៃរបៀបវារៈអាកាសធាតុក្រោមប្រធានបទ "ថាមពលនៃឈ្នាន់កង់" ហើយ ឯកឧត្តម បានបន្តទៀតថា ៖ យើងជំរុញឱ្យអ្នកគ្រប់គ្នា ដែលមានចំណាប់អារម្មណ៍លើនិរន្តរភាព និងការថែរក្សាសុខភាពបរិស្ថានស្អាត គំនិតផ្តួចផ្តើមនេះបង្ហាញពីការយកចិត្តទុកដាក់របស់សហភាពអ៊ឺរ៉ុប ក្នុងការអនុម័តយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ សម្រាប់ការការពារ និងអភិរក្សសុខុមាលភាពនៃភពផែនដីរបស់យើង ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ តំណាងសហព័ន្ធកីឡាទោចក្រកម្ពុជា ប្រមុខការទូតរបស់យើង និងសាធារណជនទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីដ៏មានតម្លៃនេះ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ បានថ្លែងថា ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសម្រាប់ការរួមចំណែកដ៏មានតម្លៃចំពោះព្រឹត្តិការណ៍នេះ ហើយព្រឹត្តិការណ៍នេះជាសក្ខីភាព ភាពជាដៃគូដ៏រឹងមាំរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសការលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍។
គួរបញ្ជាក់ថា ក្បួនជិះកង់ដើម្បីភពផែនដីយើង បានជួបជុំ និងចេញដំណើរនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងក្បួនកង់បានឆ្លងកាត់មហាវិថីព្រះសីហនុ វិមានឯករាជ្យ មហាវិថីព្រះនរោត្តម វត្តភ្នំ ផ្លូវប៉ាស្ទ័រ (ផ្លូវ៥១) ផ្សារធំថ្មី និងចុងក្រោយគឺមហាវិថី ហ្សាដឺហ្គោល ការជិះកង់បានបញ្ចប់នៅចំណុចចាប់ផ្តើមដែលស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕





