
ស្ថាប័នស្រី្ត របស់អង្គការសហប្រជាជាតិ (UN Women) បាននិយាយកាលពីថ្ងៃសុក្រ (០១ មីនា) ថាស្ត្រីប្រហែល ៩.០០០ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីមួយនេះបាននិយាយថា តួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះ ខណៈដែលស្ត្រីជាច្រើននាក់ទៀតត្រូវគេរាយការណ៍ថាបានស្លាប់នៅក្រោមគំនរបាក់បែក។
ទីភ្នាក់ងារនេះបាននិយាយថា ជារៀងរាល់ថ្ងៃការសម្លាប់នៅហ្កាហ្សានៅតែបន្ត ខណៈជាមធ្យមប្រចាំថ្ងៃមានស្ត្រីចំនួន ៦៣ នាក់បន្តត្រូវបានសម្លាប់ក្នុងអត្រាបច្ចុប្បន្ន រួមទាំងស្រ្តីជាម្ដាយម្តាយចំនួន ៣៧ នាក់។
ប្រជាជនសរុបចំនួន ២,៣ លាននាក់របស់តំបន់ហ្កាហ្សា នឹងប្រឈមមុខនឹងកម្រិតធ្ងន់ធ្ងរនៃអសន្តិសុខស្បៀងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយស្ត្រីមួយចំនួនឥឡូវនេះកំពុងប្រើយន្តការទប់ទល់នឹងវិបត្តិនេះដូចជាការរើសសំណល់អាហារក្រោមគំនរបាក់បែក ឬក្នុងកន្លែងចោលសំរាមជាដើម។
ទីភ្នាក់ងារនេះបានព្រមានថា លុះត្រាតែមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗនោះ បើមិនដូច្នោះទេមនុស្សជាច្រើនទៀតនឹងស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយជំរុញឱ្យការសម្លាប់ ការទម្លាក់គ្រាប់បែក និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ហ្កាហ្សាត្រូវតែបញ្ឈប់ ហើយជំនួយមនុស្សធម៌ត្រូវតែចូល និងចែកចាយទូទាំងតំបន់ហ៊ុមព័ទ្ធនេះភ្លាមៗ៕