
សារព័ត៌មានឯកជន ថូឡូញ៉ូវស៍ (Tolonews) បានរាយការណ៍កាលពីថ្ងៃសៅរ៍ (០២ មីនា) ថាអាកាសធាតុត្រជាក់ខ្លាំង និងការធ្លាក់ព្រិលបាននាំឱ្យមានការស្លាប់ចំនួន ១៥ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលភាពត្រជាក់នៅតែបន្តកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសអាស៊ីកណ្តាលមួយនេះ។
របាយការណ៍បាននិយាយថា «ជាលទ្ធផលនៃព្រិលធ្លាក់ខ្លាំងនៅក្នុងខេត្តមួយចំនួននៃប្រទេសក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ មនុស្ស ១៥ នាក់បានស្លាប់ និងមនុស្សជិត ៣០ នាក់ផ្សេងទៀតបានរងរបួស។ ស្ថិតិពីខេត្ត បាក (Balkh) និងខេត្ត ហ្វាយ៉ាប (Faryab) បានបង្ហាញថា បន្ថែមពីលើការស្លាប់ និងរបួសរបស់មនុស្ស មានបសុសត្វជិត ១០.០០០ ក្បាលបានងាប់ដោយសារការធ្លាក់ព្រិលនាពេលថ្មីៗនេះ»។
ក្រុមមន្ត្រីតាលីបង់បានរាយការណ៍ថា ផ្លូវហាយវេ និងផ្លូវចរាចរណ៍ជាច្រើនខ្សែ ជាពិសេសនៅក្នុងខេត្តភាគខាងជើង និងខាងលិចត្រូវបានបិទ ដោយសារតែព្រិលធ្លាក់ខ្លាំងពេក។ ផ្នែកខ្លះនៃប្រទេសអាហ្វហ្គានីស្ថានបាននិងកំពុងជួបប្រទះភ្លៀងធ្លាក់ និងព្រិលធ្លាក់ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុនមក៕