
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់បងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ដែលបានអញ្ជើញមកទទួលស្វាគមន៍ និងគាំទ្រដល់សម្ដេចធិបតី និងគណៈប្រតិភូចាប់តាំងពីម្សិលមិញ រហូតមកក្នុងជំនួបនៅរសៀលថ្ងៃទី៣ ខែមីនានេះ ជិត ២ ពាន់នាក់ថែមទៀត ដែលនេះបានបង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរ។
ក្នុងឱកាសជំនួបជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហគមន៍អូស្រ្ដាលី និងនិងនូវែលហ្សេឡង់នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការជួបជុំគ្នាជាមួយបងប្អូខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃនេះគឺបានបង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរការរួបរួមគ្នារវាងខ្មែរតែមួយ និងបង្ហាញពីកត្តាសុខសន្ដិភាពរបស់កម្ពុជាផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កោតសរសើរដល់ប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ដែលបានមកគាំទ្រស្វាគមន៍សម្ដេចធិបតី និងគណៈប្រតិភូ ដែលរក្សាបាននូវភាពចាស់ទុំ ការយល់ដឹងនៃសិទ្ធិសេរីភាពជាពលរដ្ឋខ្មែរ មិនប្រើប្រាស់សកម្មភាព ឬពាក្យសម្ដីមិនសមរម្យឡើយ។
ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានទទួលប្រជាប្រិយភាពកាន់តែខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិ តាមរយៈសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបន្តកើនឡើងឥតឈប់ឈរ ពិសេសការគាំទ្រតាមរយៈការចូលរួមបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដាឆ្នាំ ២០២៣ ដោយទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង ៨២% នៃចំនួនអ្នកបោះឆ្នោតសរុប។
សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៦ ខែមីនាឆ្នាំ២០២នេះ។ ខណៈពេលនេះប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ បង្ហាញក្ដីសប្បាយរីករាយ និងទទួលស្វាគមន៍ការអញ្ជើញរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតមកកាន់ប្រទេសអូស្ត្រាលីប្រកបដោយភាពកក់ក្ដៅ និងក្នុងស្មារតីសាមគ្គីជាតិខ្មែរតែមួយ៕ អត្ថបទ៖ វ៉ន ដារ៉ា








