
សភារបស់ប្រទេសថៃ បានបើកសិក្ខាសាលាមួយកាលពីថ្ងៃសៅរ៍ (០២ មីនា) ស្តីពីស្ថានភាពនយោបាយនៅក្នុងសហភាពមីយ៉ាន់ម៉ា ដែលរួមមានគូប្រជែងរបស់រដ្ឋាភិបាលយោធានៃប្រទេសជិតខាងមួយនេះ បើទោះបីជាមានការជំទាស់ពីរបបសឹកក៏ដោយ។
សមាជិកសភាមួយរូបឈ្មោះ លោក រាំងស៊ីម៉ាន រ៉ូម (Rangsiman Rome) ប្រធានគណៈកម្មាធិការសភាដែលរៀបចំព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះបាននិយាយថា «អ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះគឺជាជំហានដំបូងក្នុងការនាំយកអ្នកពាក់ព័ន្ធជាច្រើនមកពិភាក្សាគ្នា។ សិក្ខាសាលានេះនឹងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយនយោបាយសម្រាប់មីយ៉ាន់ម៉ា ឱ្យមានសន្តិភាព និងនិរន្តរភាព»។
អ្នកចូលរួមក្នុងសិក្ខាសាលារួមមានបណ្ដាឥស្សរជនជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលស្រមោល «រួបរួមជាតិរបស់មីយ៉ាន់ម៉ា» និងអង្គការប្រដាប់អាវុធជនជាតិភាគតិច ប៉ុន្តែមិនមានតំណាងមកពីរដ្ឋាភិបាលមីយ៉ាន់ម៉ាទេ។
ក្រសួងការបរទេសរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅក្នុងលិខិតមួយដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ ថាខ្លួន «ជំទាស់យ៉ាងខ្លាំង» ចំពោះសភាដែលធ្វើជាម្ចាស់ផ្ទះសិក្ខាសាលានេះ ដោយនិយាយថាព្រឹត្តិការណ៍នេះ «បង្កើតផលប៉ះពាល់អវិជ្ជមាន» លើទំនាក់ទំនងទ្វេភាគី។ របបសឹកបានស្នើឲ្យរដ្ឋាភិបាលថៃ ប្រាប់សភាកុំឲ្យធ្វើសកម្មភាពណាមួយដែលអាចរារាំងដល់ទំនាក់ទំនងស្និទ្ធស្នាលដែលកំពុងបន្តរវាងប្រទេសទាំងពីរ៕