ក្រុមប្រដាប់អាវុធ បានវាយប្រហារពន្ធនាគារដ៏ធំបំផុតរបស់ប្រទេសហៃទី កាលពីយប់ថ្ងៃសៅរ៍ (០២ មីនា) ប្រឆាំងនឹងកងកម្លាំងនគរបាល ដែលបានអំពាវនាវសុំឱ្យជួយជាបន្ទាន់ បន្ទាប់ពីការបាញ់ប្រហារជាច្រើនថ្ងៃនៅក្នុងផ្នែកនៃរដ្ឋធានី ខណៈដែលមេដឹកនាំក្រុមជនអន្ធពាលដ៏ធំមួយបេជ្ញាផ្តួលរំលំនាយករដ្ឋមន្ត្រីហៃទី លោក អារៀល ហិនរី (Ariel Henry)។
សហជីពនគរបាលដ៏ធំចំនួនពីររបស់ប្រទេសសមុទ្រការ៉ាអ៊ីបនេះបានអំពាវនាវឱ្យជួយបញ្ឈប់ការរត់គេចខ្លួនរបស់អ្នកទោស ដោយអ្នកដែលត្រូវចាត់ទុកថាជាឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ជាច្រើនបានរត់គេចពីពន្ធនាគារជាតិនៅរដ្ឋធានី ព័រអូប្រាំង។
គេមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់បានរត់គេចពីពន្ធនាគារ ខណៈសារព័ត៌មាន ហ្កាហ្សេតតេ (Gazette) របស់ហៃទី បាននិយាយថាអ្នកទោសក្នុង «ចំនួនដ៏ច្រើន» បានរត់គេច។ ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកជាប់ឃុំមួយចំនួនមានការស្ទាក់ស្ទើរក្នុងការរត់ចេញពីពន្ធនាគារ ដោយភ័យខ្លាចថាអាចត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ។
ការបាញ់ប្រហារយ៉ាងខ្លាំងក្លាបានបង្កឱ្យមានការភ័យស្លន់ស្លោយ៉ាងក្នុងក្នុងប្រទេសហៃទី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការអំពាវនាវពីមេក្រុមជនអន្ធពាល ជីមមី ឈឺរីហ្សឺ (Jimmy Cherizier) ដែលជាអតីតមន្ត្រីនគរបាល ឱ្យក្រុមឧក្រិដ្ឋជនរួបរួមគ្នា និងផ្ដួលរំលំលោកនាយករដ្ឋមន្ត្រី ហិនរី៕