
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យ (០៣ មីនា) នេះថាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក មីកហែល ហ្កាលូហ្ស៊ីន (Mikhail Galuzin) និងតំណាងពិសេសរបស់ចិនសម្រាប់កិច្ចការអាស៊ីអឺរ៉ុប លោក លី ហួយ (Li Hui) បានយល់ស្របថាទីក្រុងមូស្គូ ត្រូវតែមានវត្តមានក្នុងការពិភាក្សាអំពីដំណោះស្រាយអ៊ុយក្រែន។
បេសកជនចិនរូបនេះបានជួបជាមួយលោក ហ្កាលូហ្ស៊ីន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកទីពីររបស់ខ្លួនទៅកាន់អឺរ៉ុបដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ដោយជាដំណើរមួយដែលនឹងរួមបញ្ចូលប្រទេសប៉ូឡូញ អ៊ុយក្រែន និងអាល្លឺម៉ង់។
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា «ការពិភាក្សាណាមួយអំពីដំណោះស្រាយនយោបាយ និងការទូតរបស់អ៊ុយក្រែន គឺមិនអាចទៅរួចទេបើមិនមានការចូលរួមពីរុស្ស៊ី និងគិតគូរពីផលប្រយោជន៍របស់ខ្លួនក្នុងវិស័យសន្តិសុខ»។
រដ្ឋធានីគីវ ប្រកាន់ខ្ជាប់ថាខ្លួននឹងមិនពិភាក្សាជាមួយទីក្រុងមូស្គូ ទេរហូតទាល់តែទាហានរុស្ស៊ី ទាំងអស់បានចាកចេញពីទឹកដីអ៊ុយក្រែន។ វិមានក្រឹមឡាំងបាននិយាយថា មិនមានមូលដ្ឋានបច្ចុប្បន្នសម្រាប់កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនទេ ហើយថាផែនការសន្តិភាពរបស់ទីក្រុងគីវ គឺមិនទំនងទាល់តែសោះ ព្រោះមិនបានរាប់បញ្ចូលរុស្ស៊ី៕