
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ជីអូចា មេឡូនី (Giorgia Meloni) កាលពីថ្ងៃសៅរ៍ (០២ មីនា) បានលុបចោលព្រឹត្តិការណ៍ពេលល្ងាចមួយនៅឯវិចិត្រសាលសិល្បៈ អនថារីអូ (Ontario) ក្នុងទីក្រុង តូរ៉ុនតូ (Toronto) ដោយសារហេតុផលសុវត្ថិភាពដែលបង្កឡើងដោយការតវ៉ា នេះបើយោងតាមអ្នកនាំពាក្យកាណាដា។
ក្រុមបាតុករពីរក្រុម ដែលមួយក្រុមតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ទ្រូដូ និងមួយក្រុមទៀតធ្វើបាតុកម្មគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នានៅខាងក្រៅវិចិត្រសាលនោះ ហើយក៏មានវត្តមាននគរបាលជាច្រើននាក់នៅទីតាំងតវ៉ាផងដែរ។
លោកស្រី ចេនណា ហ្កាសសាបេ (Jenna Ghassabeh) អ្នកនាំពាក្យការិយាល័យរបស់លោក ទ្រូដូ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានលុបចោល ជុំវិញបញ្ហាសន្តិសុខ ហើយសំណួរផ្សេងៗដែលទាក់ទងនឹងបញ្ហានេះនឹងត្រូវបានបញ្ជូនទៅនគរបាលជាតិកាណាដា។
លោកស្រី មេឡូនី កំពុងបំពេញទស្សនកិច្ចនៅប្រទេសកាណាដា ក្នុងតួនាទីរបស់ប្រទេសអ៊ីតាលី ដែលជាប្រធាននៃក្រុមប្រទេសទាំងប្រាំពីរ G7 សម្រាប់ឆ្នាំ២០២៤ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន កាលពីមួយថ្ងៃមុននោះ៕