យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ (០៣ មីនា) ថាភាគច្រើននៃជនជាតិប៉ាឡេស្ទីន ដែលបានស្លាប់កាលពីសប្តាហ៍មុន ខណៈហ្វូងមនុស្សយ៉ាងច្រើនសម្រុកចូលក្បួនរថយន្តផ្តល់ជំនួយនៅហ្កាហ្សា គឺមកពីការរត់ជាន់គ្នា ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា ជនរងគ្រោះដែលនាំចូលទៅក្នុងមន្ទីរពេទ្យ មានរបួសពីការវាយប្រហារដោយគ្រាប់កាំភ្លើងធំ។

សម្ពាធបានកើតមានលើអ៊ីស្រាអែល ជុំវិញការស្លាប់របស់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ក្នុងអំឡុងពេលឧប្បត្តិហេតុដ៏ច្របូកច្របល់នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ដែលហ្វូងមនុស្សបានឡោមព័ទ្ធក្បួនរថយន្តដឹកជំនួយ និងទាហានបានបើកការបាញ់ប្រហារ ដោយមានប្រទេសជាច្រើនគាំទ្រការអំពាវនាវរបស់អង្គការសហប្រជាជាតិសម្រាប់ការស៊ើបអង្កេត។

កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យយោធាសំខាន់របស់អ៊ីស្រាអែល លោកឧត្តមនាវីឯក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បានប្រកាសពីលទ្ធផលនៃការពិនិត្យបឋមដែលបានរកឃើញថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ ដោយសារតែត្រូវហ្វូងមនុស្សជាន់ពីលើហើយត្រូវសង្កត់ស្លាប់ ខណៈដែលហ្វូងមនុស្សបានប្រញាប់ប្រញាល់សម្រុកចូលរថយន្តជំនួយ។

បន្ថែមពីលើនេះ «មានបុគ្គលប៉ុន្មាននាក់ប៉ុណ្ណោះ» ត្រូវបានកំណត់គោលដៅ ខណៈកងទ័ពបានបាញ់ប្រហារទៅលើក្រុមមនុស្ស ដែលចូលទៅជិតពួកគេក្នុងស្ថានភាពបង្ហាញពីការគំរាមកំហែងភ្លាមៗ ដោយលោកបន្ថែមថាការស៊ើបអង្កេតឯករាជ្យមួយត្រូវបានបើក ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ៕