សារព័ត៌មានអ៊ីស្រាអែលមួយបានរាយការណ៍ថា អ៊ីស្រាអែល បានធ្វើពហិការមិនចូលរួមកិច្ចចរចាបទឈប់បាញ់របស់តំបន់ហ្កាហ្សា នៅទីក្រុងគែរ កាលពីថ្ងៃអាទិត្យ (០៣ មីនា) បន្ទាប់ពីក្រុមហាម៉ាស បានបដិសេធការទាមទាររបស់អ៊ីស្រាអែលសម្រាប់បញ្ជីឈ្មោះពេញលេញនៃចំណាប់ថ្នូរដែលនៅរស់។

គណៈប្រតិភូក្រុមហាម៉ាស បានទៅដល់ទីក្រុងគែរ សម្រាប់កិច្ចពិភាក្សានេះ ដោយចាត់ទុកថាជាឧបសគ្គចុងក្រោយដែលអាចកើតមាន មុនពេលទទួលបានកិច្ចព្រមព្រៀងមួយដែលនឹងបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលប្រាំមួយសប្តាហ៍ ប៉ុន្តែរហូតដល់ពេលល្ងាច គេមិនឃើញភាគីអ៊ីស្រាអែលណាម្នាក់បង្ហាញខ្លួននោះទេ។

សារព័ត៌មាន វ៉ាយណេត (Ynet) របស់អ៊ីស្រាអែលបានដកស្រង់សម្តីក្រុមមន្ត្រីអ៊ីស្រាអែលមិនបញ្ចេញអត្តសញ្ញាណ ដែលបាននិយាយថា «មិនមានគណៈប្រតិភូអ៊ីស្រាអែល នៅទីក្រុងគែរទេ ដោយសារក្រុមហាម៉ាស បដិសេធមិនផ្តល់ចម្លើយច្បាស់លាស់លើបញ្ជីឈ្មោះពេញលេញរបស់ចំណាប់ថ្នូរដែលនៅរស់ ដូច្នេះហើយគ្មានហេតុផលដើម្បីបញ្ជូនគណៈប្រតិភូអ៊ីស្រាអែល ទៅក្នុងកិច្ចចរចានោះឡើយ»។

ទីក្រុងវ៉ាស៊ីនតោន បានទទូចថាកិច្ចព្រមព្រៀងបទឈប់បាញ់អាចសម្រេចបានឆាប់ៗ ហើយគួរតែធ្វើឡើងទាន់ពេលវេលាដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅដើមខែបុណ្យរ៉ាម៉ាដាន ដែលមានរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្តែភាគីជម្លោះបានផ្តល់សញ្ញាតិចតួចណាស់ពីការបោះបង់ចោលលក្ខខណ្ឌទាមទារពីមុន ដែលភាគីទាំងសងខាងបានបដិសេធ៕