សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា ក្នុងរយៈពេល ៦ខែបន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានដើរទាក់ម៉ូយទាំងក្នុង និងក្រៅប្រទេសបានចំនួន ១៧២គម្រោង ហើយទុនវិនិយោគសរុបជិតបួនពាន់លានដុល្លារអាមេរិក។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែល ហ្សេឡង់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ចាប់ខែថ្ងៃទី២២ ខែ៨ ឆ្នាំ២០២៣ រហូតដល់ ខែមករា ឆ្នាំ២០២៤នេះ សម្តេចបានដើរទាក់ម៉ូយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ហើយពេលដែលគម្រោងខាងលើនេះត្រូវ បញ្ចប់នឹងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរបានជាង ១៩ម៉ឺនកន្លែងផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា«ក្នុងរយៈពេលកន្លងមកនេះក្រុមហ៊ុនខ្លះ ដែលកំពុងផលិតក្នុងប្រទេសស្រាប់(ប្រទេសកម្ពុជា) គេទុកចិត្តនូវស្ថេរភាពរហូតដល់ពង្រីកទុន ដោយខ្លះ ពង្រីកពីរទៅបីរយលានដុល្លារអាមេរិក ខ្លះទៀតពង្រីកប្រាំទៅប្រាំមួយរយលានដុល្លារ ដាក់ពង្រីកទុនថែម ទៀតនៅក្នុងស្រុក ហើយបើគេមិនទុកចិត្តគេមិនពង្រីកនោះទេ... ហើយកាលណាពង្រីកទុនហើយគឺនឹង ពង្រីកការងារ បង្កើតចំណូលជូនប្រជាពលរដ្ឋ។ នេះគឺជានិរន្តរភាពក្នុងរយៈពេលប្រាំមួយខែមកនេះ»។

នៅក្នុងចំពោះមុខបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរនៅអូស្រ្តាលី និងនូវែលហ្សេឡង់នោះដែរ សម្តេចធិបតី ក៏បានលើកឡើងផងដែរថា នៅថ្ងៃនេះឬថ្ងៃស្អែក សម្តេចក៏នឹងមានពិភាក្សាការងារជាមួយ វិស័យឯកជននៅប្រទេសអូស្រ្តាលីបន្ថែមទៀតផងដែរ ដើម្បីទាក់ម៉ូយបន្ថែមទៀត ដោយតាមគម្រោង សម្តេចនាយករដ្ឋមន្រ្តីនឹងជួបវិស័យឯកជនតាមរយៈវេទិកាធុរកិច្ចអូស្រ្តាលី-កម្ពុជា ដោយទាំងក្រុមហ៊ុនខ្មែរ និងអូស្រ្តាលីប្រហែលជាងពីររយក្រុមហ៊ុន។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបចំពោះការរិះគន់ និងការលើក ឡើងរបស់បុគ្គលមួយចំនួនដែលតែងតែនិយាយថារាជរដ្ឋាភិបាលកម្ពុជា ដើរទាក់ទាញតែពួកអ្នកវិនិយោគចិននោះ គឺមិនមែនជាការពិតនោះទេ ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីអះអាងថា សម្តេចដើរទាក់ម៉ូយគ្រប់ទីកន្លែងទាំងអស់ដោយមិនគិតថាប្រទេសណានោះឡើយ គឺសម្តេចធិបតីស្វាគមន៍ជានិច្ចឲ្យតែទៅធ្វើការវិនិយោគនៅកម្ពុជា និងបានផលជូនដល់ប្រជាពលរដ្ឋកម្ពុជា៕ អត្ថបទ៖ បាន ចក់



