វេជ្ជបណ្ឌិតកូរ៉េខាងត្បូងរាប់ពាន់នាក់ បានតវ៉ាកាលពីថ្ងៃអាទិត្យ ទី៣ មីនា ក្នុងទីក្រុងសេអ៊ូល ក្នុងការកើនឡើងនៃការប្រឈមដាក់គ្នាជាមួយរដ្ឋាភិបាលជុំវិញកំណែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត ដែលបានមើលឃើញថាគ្រូពេទ្យហាត់ការក្មេងៗ បានលាឈប់ពីការងារយ៉ាងច្រើន ដែលធ្វើអោយមន្ទីរពេទ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ។

វេជ្ជបណ្ឌិតវ័យក្មេងប្រហែល១ម៉ឺននាក់ បានឈប់ធ្វើការ និងឈប់ធ្វើការជិត២ សប្តាហ៍មុន ដើម្បីតវ៉ាប្រឆាំងការបង្កើនចំនួននិស្សិតពេទ្យចូលរៀននៅសាលាវេជ្ជសាស្ត្រចាប់ពីឆ្នាំក្រោយនេះ ដើម្បីទប់ទល់នឹងកង្វះគ្រូពេទ្យ និងការកើនឡើងមនុស្សវ័យចំណាស់កាន់តែច្រើន។

ក្រុមគ្រូពេទ្យជំនាញដែលធ្វើកូដកម្មបានផ្គើននឹងការដាក់ឱសានុវាទកាលកំណត់របស់រដ្ឋាភិបាលកាលពីថ្ងៃទី២៩ ខែកុម្ភៈ ដើម្បីឱ្យពួកគេត្រឡប់ចូលធ្វើការវិញ បើមិនព្រមទេ នឹងត្រូវប្រឈមចំណាត់ការផ្លូវច្បាប់ រួមទាំងការចាប់ខ្លួនដែលអាចកើតមាន ឬការព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់ពួកគេ។

ក្រុមបាតុករបានពាក់ម៉ាស់ពណ៌ខ្មៅ និងគ្រវីសញ្ញាផ្សេងៗ ដោយនិយាយថា យើងប្រឆាំងនឹងការកើនឡើងនៃការចូលរៀនរបស់និស្សិតពេទ្យនៅសាលាពេទ្យ។
លោកKim Taek-woo មកពីសមាគមគ្រូពេទ្យកូរ៉េបានប្រាប់ក្រុមបាតុករថា រដ្ឋាភិបាលកំពុងជំរុញកំណែទម្រង់ជាឯកតោភាគី ហើយថាគ្រូពេទ្យមិនអាចទទួលយកបានក្នុងកាលៈទេសៈណាក៏ដោយ ។
រដ្ឋាភិបាលដឹងច្បាស់អំពីមូលហេតុដែលគ្រូពេទ្យទាំងអស់ប្រឆាំងទៅនឹងការកើនឡើងនៃការចូលរៀននៅសាលាពេទ្យ ប៉ុន្តែកំពុងកេងប្រវ័ញ្ចគោលនយោបាយដើម្បីប្រែក្លាយវេជ្ជបណ្ឌិតទៅជាទាសករជារៀងរហូត។
ការដើរចេញពីការងារទ្រង់ទ្រាយធំបានធ្វើឱ្យប៉ះពាល់ដល់មន្ទីរពេទ្យ ខណៈការព្យាបាល និងការវះកាត់សំខាន់ៗត្រូវបានលុបចោល ដែលជំរុញឱ្យរដ្ឋាភិបាលបង្កើនការប្រុងប្រយ័ត្នផ្នែកសុខភាពសាធារណៈដល់កម្រិតខ្ពស់បំផុត៕