ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថា នឹងបន្តកំណត់គោលដៅលើនាវាអង់គ្លេសនៅឈូងសមុទ្រ Aden បន្ទាប់ពីការវាយប្រហារពន្លិចនាវា Rubymar របស់ចក្រភពអង់គ្លេស។
យោធាអាមេរិក បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា នាវា Rubymar ដែលជាកម្មសិទ្ធិរបស់ចក្រភពអង់គ្លេសបានលិច បន្ទាប់ពីត្រូវបានវាយប្រហារដោយមីស៊ីលប្រឆាំងនាវាដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធហ៊ួទីយេម៉ែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ។

លោក Hussein al-Ezzi អនុរដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋាភិបាលដឹកនាំដោយក្រុមហ៊ួទី បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមX ថា៖«ប្រទេសយេម៉ែន នឹងបន្តវាយប្រហារពន្លិចនាវាអង់គ្លេសបន្ថែមទៀត ហើយផលប៉ះពាល់ ឬការខូចខាតផ្សេងទៀត នឹងត្រូវបានបញ្ចូលទៅក្នុងការរបាយការណ៍ចោទ ប្រកាន់របស់ចក្រភពអង់គ្លេស»។

«វាគឺជារដ្ឋទុច្ចរិតដែលវាយប្រហារយេម៉ែន និងជាដៃគូជាមួយអាមេរិក ក្នុងការឧបត្ថម្ភឧក្រិដ្ឋកម្ម ដែលកំពុងបន្តប្រឆាំងនឹងជនស៊ីវិល នៅតំបន់ហ្កាហ្សា»។
ក្រុមសកម្មប្រយុទ្ធហ៊ួទី បានធ្វើការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដោយនិយាយថា ពួកគេកំពុងធ្វើសកម្មភាព ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប្រឆាំងនឹងសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
ការវាយប្រហារនៅសមុទ្រក្រហមរបស់ពួកគេ បានរំខានដល់ការដឹកជញ្ជូនជាសកល ដោយបង្ខំឲ្យក្រុមហ៊ុន ធ្វើផ្លូវឡើងវិញទៅកាន់ការធ្វើដំណើរដែលវែងឆ្ងាយជាង និងចំណាយច្រើនជាងនេះ នៅជុំវិញអាហ្វ្រិកខាងត្បូង ហើយបានបង្កឲ្យមានការភ័យខ្លាចថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចរីករាលដាលដល់អស្ថិរភាព នៅមជ្ឈិមបូព៌ា។