ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ (០៣ មីនា) បាននិយាយថាខ្លួន «ថ្កោលទោសយ៉ាងខ្លាំង» ទៅលើឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ចំពោះការលើកឡើងទាក់ទងនឹងប្រទេសចិននាពេលថ្មីៗនេះលើសមុទ្រចិនខាងត្បូង ដោយនិយាយថា ការលើកឡើងទាំងនោះ «ផ្ទុយពីមូលដ្ឋាននៃការពិត»។

លោក ហូសេ ម៉ានូអ៊ែល រ៉ូម៉ូលដេស (Jose Manuel Romualdez) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃពុធថា ខណៈពេលដែលសហរដ្ឋអាមេរិកមើលឃើញទាំងបញ្ហាសមុទ្រចិនខាងត្បូង និងលទ្ធភាពនៃជម្លោះតៃវ៉ាន់ ថាជា «ក្តីបារម្ភដ៏ធ្ងន់ធ្ងរ» លោកជឿថា «ចំណុចសំខាន់ពិតប្រាកដគឺសមុទ្រហ្វីលីពីនខាងលិច» ដោយសារការប៉ះទង្គិចទាំងអស់បានកើតឡើងនៅទីនោះ។

ស្ថានទូតចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកឡើងនេះ «ចង់បំភ្លៃបញ្ហាសមុទ្រចិនខាងត្បូង ហើយធ្វើឱ្យមានការទាយទុកផ្ដេសផ្ដាស និងការជេរប្រមាថប្រឆាំងនឹងប្រទេសចិន»។

ស្ថានទូតនេះបន្ថែមថា «ការនាំសត្វចចកចូលក្នុងផ្ទះ និងការមើលតែមួយជ្រុង នឹងមិនគ្រាន់តែមិនជួយដោះស្រាយភាពខុសគ្នានៅក្នុងសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញវានឹងធ្វើឱ្យស្ថានការណ៍ក្នុងតំបន់ស្មុគស្មាញ ព្រមទាំងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ»៕