ក្រុមមន្ត្រីបាននិយាយថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធនានិទាឃរដូវរបស់ពួកគេនៅថ្ងៃចន្ទ (០៤ មីនា) នេះជាមួយនឹងទាហានចូលរួមមានចំនួនពីរដងបើធៀបនឹងឆ្នាំមុន ខណៈដែលសម្ព័ន្ធមិត្តព្យាយាមទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីល ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។

សមយុទ្ធ ខែលការពារសេរីភាព (Freedom Shield) ដែលកំណត់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែមីនា នេះបានកើតឡើងនៅពេលដែលកូរ៉េខាងជើង បន្តអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ និងបានធ្វើការសាកល្បងប្រព័ន្ធអាវុធផ្សេងទៀត ហើយសមយុទ្ធនេះគឺជាលើកទីមួយ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ កាលពីខែវិច្ឆិកាមក។

យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឱ្យដឹងថា ចំនួនកងទ័ពពីភាគីទាំងសងខាងដែលចូលរួមក្នុងសមយុទ្ធនេះ មានចំនួនពីរដងបើធៀបនឹងឆ្នាំមុន នៅក្នុងការហ្វឹកហ្វឺនរួមគ្នាចំនួន ៤៨ ជុំ រួមទាំងការវាយលុក និងការវាយប្រហារតាមអាកាស។
អ្នកនាំពាក្យអគ្គសេនាធិការចម្រុះ លោកវរសេនីយ៍ឯក លី សុងជុន (Lee Sung-jun) បាននិយាយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងជាចម្បងដើម្បីបន្សាបការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំង «កំណត់អត្តសញ្ញាណ និងវាយប្រហារប្រឆាំង» មីស៊ីលតម្រង់គោលដៅ ដែលទីក្រុងព្យុងយ៉ាង បានអះអាងថាអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ៕