យុវជនជាសិស្ស-និសិ្សតនៅរាជធានីភ្នំពេញបាន បង្ហាញការគាំទ្រចំពោះបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានចាត់វិធានការយ៉ាងតឹងរឹងលើការលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា ដោយចាប់ផ្ដើមអនុវត្តផ្ទាល់ពីមន្រ្ដីរាជការតែម្ដងមិនឱ្យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។
ក្រុមយុវជន សិស្ស និស្សិត បានលើកឡើងថា ពួកគេប្តេជ្ញា មិនប្រើប្រាស់ ឬជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនឡើយ ព្រមទាំងនាំចូលរួមទប់ស្កាត់ និងលុបបំបាត់ គ្រឿងញៀន ពីព្រោះគ្រឿងញៀនបានបំផ្លាញ ការសិក្សា និងអនាគត បង្កឲ្យមាន អំពើហិង្សា និងឧក្រិដ្ឋកម្មធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិថែមទៀត ។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមហាជនចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តយុទ្ធនាការលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា ពីព្រោះដើម្បីលុបបំបាត់គ្រឿងញៀនទៅបាន គឺត្រូវការចូលរួមពី សំណាក់ប្រជាពលរដ្ឋគ្រប់រូប។ សម្ដេចធិបតីក៏បានបញ្ជាក់ឱ្យក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងក្រោមជាតិ ធ្វើការអប់រំ ផ្សព្វផ្សាយលើបញ្ហាគ្រឿងញៀននេះ។
ក្រុមយុវជន និងយុវតីបានប្ដេជ្ញាមិនឱ្យពាក់ព័ន្ធជាមួយគ្រឿងញៀន ខណៈគ្រឿងញៀនបង្កឱ្យផលប៉ះពាល់ដល់ការសិក្សា និងអនាគត ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការលុបបំបាត់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ក្នុងនោះសម្ដេចធិបតី បានបញ្ជាក់ថា បើមន្រ្ដីរាជការរូបណាជាប់ពាក់ព័ន្ធ ឬប្រើប្រាស់គ្រឿងញៀននឹងត្រូវបណ្ដេញចេញពីក្របខណ្ឌមន្រ្ដីរាជការដោយគ្មានការលើកលែងឡើយ៕ អត្ថបទ៖ ភារម្យ