រដ្ឋាភិបាលរបស់ប្រទេសហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីល្ងាចថ្ងៃអាទិត្យ (០៣ មីនា) បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងរដ្ឋធានី ដែលបានធ្វើឱ្យខូចបណ្ដាញទំនាក់ទំនង និងនាំឱ្យមានការហែកពន្ធនាគារចំនួនពីរកន្លែង ខណៈមេដឹកនាំក្រុមអន្ធពាលដ៏ធំមួយប្ដេជ្ញាបណ្តេញនាយករដ្ឋមន្ត្រីហៃទី លោក អារៀល ហិនរី (Ariel Henry) ចេញពីតំណែង។

សេចក្តីថ្លែងការណ៍បាននិយាយថា ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ រដ្ឋាភិបាលបានដាក់ចេញជាបន្ទាន់នូវបម្រាមគោចរនៅទូទាំងទឹកដីភាគខាងលិចសម្រាប់រយៈពេល «ដែលអាចនឹងបន្តចំនួន ៧២ ម៉ោង»។
បម្រាមគោចរនេះនឹងអនុវត្ត «នៅចន្លោះម៉ោងប្រាំមួយល្ងាច និងម៉ោងប្រាំព្រឹក នៅថ្ងៃអាទិត្យ ទី០៣ ថ្ងៃច័ន្ទ ទី០៤ ថ្ងៃអង្គារ ទី០៥ និងថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ នេះ»។ ក្រុមអនុវត្តច្បាប់ អ្នកពន្លត់អគ្គិភ័យ អ្នកបើកបររថយន្តគិលានសង្គ្រោះ បុគ្គលិកសុខាភិបាល និងអ្នកសារព័ត៌មាន ដែលមានអត្តសញ្ញាណត្រឹមត្រូវ នឹងមិនចាំបាច់ត្រូវអនុវត្តតាមបម្រាមគោចរនេះទេ។

ក្រឹត្យស្តីពីគ្រាអាសន្ននេះ ធ្វើឡើងបន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងអំពើហិង្សាកាលពីចុងសប្តាហ៍ ដែលបានធ្វើឱ្យផ្នែកខ្លះនៃរដ្ឋធានី ដាច់បណ្ដាញទំនាក់ទំនង និងនាំឱ្យមានការហែកពន្ធនាគារចំនួនពីរកន្លែង ដែលមួយក្នុងនោះជាពន្ធនាគារធំបំផុតរបស់ប្រទេស៕