ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពខ្ពស់លើវិស័យសុខភាពសាធារណៈ តាមរយៈការបង្កើនកិច្ចអន្តរាគមន៍ និងការបង្កើនថវិកាជាតិរៀងរាល់ឆ្នាំ។
តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ នៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចព្រឹកថ្ងៃទី១១កក្កដា ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣២ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចបញ្ជាក់ថា កាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពខ្ពស់ដល់វិស័យសុខភាពសាធារណៈ តាមរយៈការបង្កើនកិច្ចអន្តរាគមន៍ និងការបង្កើនថវិកាជាតិរៀងរាល់ឆ្នាំ ជាពិសេសលើវិស័យសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ សំដៅពង្រឹងការលើកកម្ពស់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដែលជាមធ្យោបាយមួយនៃការឈានទៅសម្រេចបាន គោលដៅការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឆ្លៀតឱកាសដ៏មានតម្លៃនេះ សម្តេចបានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ជាពិសេសមន្ត្រីសុខាភិបាលជួរមុខ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមគាំទ្រ និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសូមជនរួមជាតិទាំងអស់បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ ដើម្បីរួមចំណែកក្នុងការបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះអង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក និងបណ្ដាប្រទេសជាមិត្តទាំងអស់ដែលបានគាំទ្រដល់កម្ពុជា ទាំងស្មារតី ទាំងសម្ភារៈសុខាភិបាល និងវិធីសាស្ត្រព្យាបាល និងទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅក្នុងស្ថានភាពដ៏លំបាកនេះ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ សម្តេចបានលើកឡើងក្នុងនៅក្នុងសារលិខិតនេះថា អង្គការសហប្រជាជាតិតែងតែលើកទឹកចិត្តដល់បណ្ដារដ្ឋភាគីទាំងអស់ ឱ្យប្រារព្ធទិវាប្រជាជនពិភពលោកជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែកក្កដា ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា ហើយប្រធានបទឆ្នាំ២០២១នេះគឺ “សិទ្ធិ និងជម្រើសគឺជាចម្លើយ មិនចំពោះថាក្នុងដំណាក់កាលបន្ទុះ ឬសម្រុតទារកនោះទេ ដំណោះស្រាយគឺស្ថិតនៅលើការផ្តល់អាទិភាពដល់សិទ្ធិ និងសុខភាពបន្តពូជសម្រាប់មនុស្សគ្រប់រូប។ ប្រធានបទនេះពិតជាមានអត្ថន័យធំធេង ក្នុងស្ថានភាពដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍ សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈនៅគ្រប់ទិសទីទូទាំងពិភពលោក។ ស្ត្រី និងក្មេងស្រីគឺជាក្រុមជនដែលងាយរងគ្រោះជាងគេ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសលើបញ្ហាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ៕
អត្ថបទ៖ មុត សុទ្ធ



