សាច់ញាតិ និងមិត្តភក្តិ បានរៀបចំពិធីរំលឹក កាលពីថ្ងៃអាទិត្យ ចំពោះអ្នកដំណើរដែលបាត់ខ្លួនពីជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ដានកាលពី ១០ ឆ្នាំមុន ខណៈកំពុងធ្វើដំណើរពីទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤។

នៅក្នុងព្រឹត្តិការណ៍រំលឹកខួប ដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល មានឈ្មោះថា សំឡេងយន្តហោះ MH370 (VoiceMH370) នៅទីក្រុង Subang Jaya រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បាននិយាយថា រដ្ឋាភិបាលកំពុងជំរុញឱ្យមានការបន្តស្វែងរកយន្តហោះជាថ្មី ខណៈខួបលើកទី ១០ នៃការបាត់ដានយន្តហោះក្នុងភាពអាថ៌កំបាំងផ្នែកអាកាសចរណ៍ធំបំផុតមួយរបស់ពិភពលោក ខិតចូលជិតមកដល់។

កម្ទេចកម្ទីយន្តហោះមួយចំនួន ត្រូវបានដាក់តាំងបង្ហាញនៅលើតុ និង រចនាដាក់ផ្គុំ ដែលមានសំនួរសួរថា «ហេតុអ្វី» និង «តើយន្តហោះបានបាត់ដោយរបៀបណា»។ ប្រទេសម៉ាឡេស៊ី បានចូលរួមជាមួយក្រុមហ៊ុន អសិន អ៊ីនហ្វីនីធី(Ocean Infinity) ក្នុងឆ្នាំ ២០១៨ ដើម្បីស្វែងរកនៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង ដោយផ្តល់ប្រាក់រហូតដល់ទៅ ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនោះ។
ប្រទេសម៉ាឡេស៊ី ចិន និងប្រទេសអូស្ត្រាលី កាលពីពេលមុន បានបញ្ចប់ការស្វែងរកក្រោមទឹកក្នុងការចំណាយ ២០០ លានដុល្លារអូស្ត្រាលី ស្មើនឹង១៣០,៤៦ លានដុល្លារ កាលពីខែមករា ឆ្នាំ២០១៧ ដោយពុំទទួលបានលទ្ធផលឡើយ។ លោក Jiang Hui ជាជនជាតិចិន ដែលម្តាយរបស់លោកជាអ្នកដំណើរនៅលើយន្តហោះ MH370 បានអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ឱ្យផ្តល់ព័ត៌មានចុងក្រោយដល់សាច់ញាតិដែលខ្លួនទទួលបាន។
លោកស្ថិតក្នុងចំណោមសមាជិកគ្រួសារ ដែលបានដាក់ពាក្យបណ្តឹងនៅប្រទេសចិនទាមទារសំណងជុំវិញការបាត់ដានយន្តហោះនេះ។ តុលាការទីក្រុងប៉េកាំង បានចាប់ផ្តើមសវនាការលើសំណងកាលពីខែវិច្ឆិកា។ អ្នកដំណើរជនជាតិចិន ជាង ១៥០ នាក់នៅលើជើងហោះហើរនេះ ដោយសាច់ញាតិបានទាមទារសំណងពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្រុមហ៊ុន Boeing ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Rolls-Royce និងក្រុមធានារ៉ាប់រង Allianz ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតផ្សេងទៀត។