កងកម្លាំងប្រដាប់អាវុធ និងបុគ្គលិកការពារជនស៊ីវិលប្រទេសបូលីវី ត្រូវបានដាក់ចល័ត ដើម្បី ដឹកជញ្ជូនស្បៀងអាហារ ទឹក និងជំនួយផ្នែកវេជ្ជសាស្រ្ត ទៅដល់ជនរងគ្រោះដោយទឹកជំនន់នៅភាគខាងជើងប្រទេសបូលីវី។
មន្ត្រីជាច្រើននាក់ បានចូលទៅដល់តំបន់ដាច់ស្រយាលជនលិចដោយទឹកជំនន់ តាមទូក ដែលបានចែកចាយគ្រឿងផ្គត់ផ្គង់ និងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ប្រជាប្រជាជនជួបគ្រោះមហន្តរាយ។

ភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍កន្លងទៅនេះ បានវាយលុកនៅតំបន់សមុទ្រ Andean តំបន់ Amazon និងជ្រលងភ្នំប្រទេសបូលីវីភាគកណ្តាល។ អង្គភាពសេវាឧតុនិយម និងជលសាស្ត្រជាតិ បាននិយាយថា ភ្លៀងធ្លាក់ក្នុងខែកុម្ភៈកន្លងទៅនេះ លើសពីកម្រិតប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងតំបន់ទីក្រុង ឡាប៉ាស និងទីក្រុង ប៉ូតូស៊ី។

ទីភ្នាក់ងារ រីលីហ្វវែប(Reliefweb)បាននិយាយនៅក្នុងរបាយការណ៏ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែ មីនាថា ប្រទេសបូលីវី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីទឹកទន្លេ Acre បានហក់ឡើងហៀរច្រាំង ដោយបង្ខំឱ្យពលរដ្ឋ ៥៧០គ្រួសារ មកពី ១៤ ស្រុក ចាកចេញពីលំនៅឋានរបស់ពួកគេ និងស្វែងរកទីជម្រកសុវត្ថិភាព ហើយភ្លៀងធ្លាក់ខ្លាំង ដែលបានធ្វើឲ្យកាន់តែធ្ងន់ធ្ងដោយបាតុភូត អែល នីញ៉ូ បានឆក់យកជីវិតមនុស្ស ៤០ នាក់ និងប៉ះពាល់ដល់គ្រួសារជាង ១៥.០០០គ្រួសារ នៅទូទាំងប្រទេស។