អាជ្ញាធរក្នុងប្រទេសបួគីណាហ្វាសូ បាននិយាយថា មនុស្សប្រមាណ ១៧០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅក្នុងភូមិចំនួន ៣ ។ ស្ថានភាពសន្តិសុខ កាន់តែអាក្រក់នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ដែលក្រុមជ្រុលនិយមឥអ៊ិស្លាម បានបង្កការគំរាមកំហែងយ៉ាងខ្លាំង។ អាជ្ញាធរ បាននិយាយថា ការវាយប្រហារ បានកើតឡើង នៅក្នុងភូមិនៃខេត្ត Yatenga ភាគខាងជើងរបស់ប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីអ្នកនៅរស់ជីវិត ដោយនិយាយថា ស្ត្រី និងកុមារតូចៗ រាប់សិបនាក់ស្ថិតក្នុងចំណោមជនរងគ្រោះ។ ចាប់តាំងពីអំឡុងឆ្នាំ ២០១៥មក ក្រុមសកម្មប្រយុទ្ធឥស្លាមនិយម នៅប្រទេសបួគីណាហ្វាសូ បានធ្វើការវាយប្រហារម្តងហើយម្តងទៀត និងធ្វើសកម្មភាពភេរវកម្ម ភាគច្រើននៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេស។ មនុស្សប្រហែល ៨.៥០០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅឆ្នាំ ២០២៣ ហើយមនុស្សជាង ២ លាននាក់ បានភៀសខ្លួនចេញពីលំនៅឋាន នៅខាងក្នុងប្រទេសនេះ។

រដ្ឋប្រហារពីរលើក បាននាំទៅដល់ការបង្កើតរដ្ឋាភិបាលយោធានៅក្នុងប្រទេស ក្នុងឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក មេដឹកនាំយោធាបានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសរុស្ស៊ី។ កាលពីខែមករា ទាហាននៅក្រោមក្រសួងការពារជាតិរុស្ស៊ី បានមកដល់ប្រទេសបួគីណាហ្វាសូ ដើម្បីបណ្តុះបណ្តាលទាហានរបស់របបយោធាប្រទេសនេះ។
ក្រុមឥស្លាមជ្រុលនិយម ក៍បានធ្វើឲ្យសន្តិសុខកាន់តែអាក្រក់ទៅ ៗ នៅក្នុងប្រទេសជិតខាងមួយចំនួននៅតំបន់សហ៊ែលប្រទេសអាហ្វ្រិកខាងលិច ដែលនាំឱ្យមានរដ្ឋប្រហារយោធាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសលោកខាងលិច មានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងពង្រីកឥទ្ធិពលរបស់ខ្លួនលើប្រទេសទាំងនេះ។