សមាជិកអង្គការប្រទេសនាំចេញប្រេង OPEC+ បានប្រកាសកាលពីថ្ងៃអាទិត្យ ពីការបន្ថែមពេលកាត់បន្ថយទិន្នផលប្រេង នៅក្នុងត្រីមាសទីពីរ ដើម្បីគាំទ្រដល់ «ស្ថិរភាព និងតុល្យភាពទីផ្សារប្រេង»។ OPEC+ គឺជាក្រុមប្រទេសផលិតប្រេង ដែលរួមមានប្រទេសជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្ត។

អង្គការ OPEC បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា ទីស្នាក់ការរបស់ខ្លួន បានកត់សម្គាល់ពីសេចក្តីប្រកាសរបស់បណ្តាប្រទេសអង្គការ OPEC + មួយចំនួន ដែលបានបន្ថែមពេលកាត់បន្ថយដោយស្ម័គ្រចិត្តបន្ថែម សរុបចំនួន ២,២ លានបារ៉ែល ក្នុងមួយថ្ងៃ សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៤។ ការកាត់បន្ថយនេះគឺយកចេញពីកូតា ដែលត្រូវបានបានអនុម័តនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អង្គការ OPEC+ នៅក្នុងខែមិថុនា ឆ្នាំ ២០២៣។ កាលពីខែវិច្ឆិកាឆ្នាំមុន ប្រទេសអារ៉ាប៊ីសាអូឌីត រុស្ស៊ី និងប្រទេសមួយចំនួនទៀតរបស់អង្គការ OPEC+ បានប្រកាសកាត់បន្ថយការផលិតដោយស្ម័គ្រចិត្ត ដែលសរុបប្រហែល ២,២លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ត្រីមាសទីមួយនៃឆ្នាំនេះ។

ក្រសួងថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសដែលជាមេដឹកនាំអង្គការ OPEC នឹងបន្តកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តរបស់ខ្លួនចំនួន ១ លានបារ៉ែល ក្នុងមួយថ្ងៃ រហូតដល់ចុងខែមិថុនា។ យោងតាមក្រសួងបានឱ្យដឹងថា ការផលិតប្រេងរបស់ប្រទេសនេះ នឹងមានប្រហែល ៩ លានបារ៉ែល ក្នុងមួយថ្ងៃ រហូតដល់ចុងត្រីមាសទីពីរ។
ប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តឈានមុខគេរបស់អង្គការ OPEC ក៏បានប្រកាសកាត់បន្ថយដោយស្ម័គ្រចិត្តចំនួន ៤៧១.០០០បារ៉ែលក្នុងមួយថ្ងៃពីការផលិត និងការនាំចេញប្រេងឆៅរបស់ខ្លួនសម្រាប់ទីមាស ទី២ ដែលទាបជាងបន្តិចពីការកាត់បន្ថយចំនួន ៥០០.០០០បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងតីមាសទី១។ ប្រទេស OPEC+ ផ្សេងទៀត រួមមានប្រទេសអ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងប្រទេសអូម៉ង់ ក៏បានបន្ថែមពេលការកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តរបស់ពួកគេទៅក្នុងត្រីមាសទី២ ផងដែរ។