សៀមរាប ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងរយៈពេលពីរខែ ដើមឆ្នាំ២០២៤នេះ ទឹកប្រាក់ប្រមាណជាង១១លាន២៣ម៉ឺនដុល្លារ ត្រូវបានគ្រឹះស្ថានអង្គរប្រមូលបានពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួនេះ មានការកើនឡើងជាង៥០ភាគរយ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បានបន្ថែមថា ការលំសំបុត្រនេះ ដោយចាប់ពីខែមករា ដល់ខែកុម្ភៈឆ្នាំ២០២៤នេះ ដោយមានអ្នកទេសចរទៅទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជាង២៣ម៉ឺន៥ពាន់នាក់ បើធៀបឆ្នាំ២០២៣កើនឡើងជាង៥០ភាគរយក្នុងរយៈពេលដូចគ្នា។ក្នុងនោះ សម្រាប់ខែមករា មានភ្ញៀវទេសចរអន្ដរជាតិចូលទស្សនាអង្គរចំនួនជាង១១ម៉ឺន៥ពាន់នាក់ ដែលស្មើនឹងថវិកាជាង៥លាន ៣៦ម៉ឺនដុល្លា ។ដោយឡែកសម្រាប់ខែកម្ភៈឆ្នាំ២០២៤នេះដែរ មានអ្នកទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជាង១១ម៉ឺន៥ពាន់នាក់ ដោយប្រមូលថវិកាបានជាង៥លាន៣៦ម៉ឺន៣ពាន់ដុល្លា។ជាមួយគ្នានោះ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ ក៍បានលក់សំបុត្រឱ្យទេសចរអន្ដរជាតិ ចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ មានចំនួនជាង៥ពាន់៧រយនាក់ ដែលស្មើរថវិកាជាង៨ម៉ឺន៦ពាន់ដុល្លា៕ ដោយ ៖ សាវី









