ក្រុមហ៊ុនអាកាសចរណ៍ Air India និង ITA អ៊ីតាលី កាលពីថ្ងៃអាទិត្យ បានបន្តជើងហោះហើរ ទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីពួកគេបានផ្អាកកាលពីខែតុលាឆ្នាំមុន ក្រោយការផ្ទុះឡើងជម្លោះរវាង អ៊ីស្រាអែល និងក្រុមហាម៉ាស។

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា បានបន្តជើងហោះហើរដោយផ្នែករបស់ខ្លួនឡើងវិញ នៅលើផ្លូវហោះហើររវាងអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឌីរ៉ា ហ្គានឌី (Indira Gandhi) ក្នុងទីក្រុង Delhi និងអាកាសយានដ្ឋាន បេនហ្គូរីអន(Ben Gurion) ក្បែរទីក្រុង Tel Aviv ។ រហូតដល់មានជម្លោះ ផ្លូវហោះហើរនេះ រួមមានជើងហោះហើរទៅនិងមកប្រចាំសប្តាហ៍ចំនួន៦ជើង។

ក្រុមហ៊ុនអាកាសចរណ៍អ៊ីតាលី បានបន្តប្រតិបត្តិការរបស់ខ្លួន ក្នុងប្រទេសអ៊ីស្រាអែល ដោយមានជើងហោះហើរប្រចាំសប្តាហ៍បីជើង រវាងអាកាសយានដ្ឋាន ហ្វីមីជីណូ(Fiumicino) ក្នុងទីក្រុងរ៉ូម(Rome) និងទីក្រុង Tel Aviv។

ក្រុមហ៊ុនអាកាសចរណ៍ ITA អ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ផ្តើមឡើងវិញនៃជើងហោះហើររវាងទីក្រុង Tel Aviv និងទីក្រុង Rome គឺអាចធ្វើទៅបានដោយសារកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរអ៊ីតាលី និងអ៊ីស្រាអែល ហើយវាមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ITA Airways ខណៈក្រុមហ៊ុនពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សង្គម និងវប្បធម៌ រវាងទីផ្សារនៃប្រទេសទាំងពីរ។ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួនបីផ្សេងទៀតគឺក្រុមហ៊ុនអាកាសចរណ៍ British Airways, ក្រុមហ៊ុនអាយប៊ីរៀ(Iberia)របស់អេស្បាញ និងក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM កាលពីពេលថ្មីៗនេះ បានប្រកាសថាពួកគេ នឹងបន្តជើងហោះហើរ ទៅកាន់ប្រទេសអ៊ីស្រាអែល នៅថ្ងៃទី ១ ខែមេសា។