ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្រសួងនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ “១២៦៦” ឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបនូវចម្ងល់ ឬបញ្ហានានាដែលពាក់ព័ន្ធវិស័យពាណិជ្ជកម្ម។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណេីរការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៤ ខែមីនានេះ បានមានប្រសាសន៍ថា លេខទំនាក់ទំនងនេះ បង្កើតឡើង ដើម្បីឆ្លើយតបនូវចម្ងល់ ឬបញ្ហានានា ដែលពាក់ព័ន្ធនឹងព័ត៌មានទូទៅ មានដូចជា៖ អំពីការចុះបញ្ជីពាណិជ្ជកម្ម , ព័ត៌មានអំពីការចុះបញ្ជីម៉ាក , ព័ត៌មានអំពីការនាំចេញ-នាំចូលទំនិញ , ព័ត៌មានអំពីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) និងព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័រណ៌ ដែលមានមន្ត្រីជំនាញ រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតបនៅរៀងរាល់ម៉ោងធ្វើការដោយសេចក្តីរីករាយ។
ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា អាជីវករ ពាណិជ្ជករ ធុរជន និងសាធារណជនទូទៅ នឹងទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ព្រមទាំងដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម និងធុរកិច្ចកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត។
ករណី ប្រសិនបើសាធារណជន មានព័ត៌មានពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងធុរកិច្ច ពិសេសការធ្វើចរាចរផលិតផលទំនិញ និងសេវាមិនអនុលោមតាមច្បាប់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្នែកសុខភាពសុវត្ថិភាព និងផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ រួមទាំងការប្រកួតប្រជែងមិនស្មោះត្រង់ ក៏អាចធ្វើការហៅចូលផ្តល់ព័ត៌មានមកកាន់មន្រ្តីជំនាញរបស់ក្រសួងបានដូចគ្នាដែរ ដើម្បីក្រសួងធ្វើការតាមដាន និងចាត់វិធានការបន្ត។ ដោយ ៖ បូរ៉ាវី







