កណ្ដាល ៖ ផ្លូវក្រាលបេតុងចំនួន ៣ ខ្សែ ប្រវែងសរុបជាង ៣ ៦០០ ម៉ែត្រ នៅក្នុងឃុំចំនួន ២ ក្នុងស្រុកខ្សាច់កណ្តាល ស្ថិតក្នុងក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ដោយផ្លូវនេះបានកំពុងសម្រួលដល់ការដំណើររបស់ ប្រជាពលរដ្ឋ។
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) នៃក្រសួងអភិវឌ្ឍន៍ជន បទ នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៤ នេះ បានដឹកនាំប្រតិភូចុះពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៣ ខ្សែ ប្រវែងសរុប ៣ ៦៥៥ ម៉ែត្រ ក្នុងនោះគម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ២ខ្សែ ប្រវែងសរុប ១ ៤៣០ ម៉ែត្រ, មានទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ, ស្ថាបនាលូមូលមុខពីរ កាត់ទទឹងផ្លូវចំនួន ១ កន្លែង, លូបណ្ដោយផ្លូវប្រវែង ១ ០៦៥ ម៉ែត្រ, អណ្តូងលូចំនួន ២២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ៤ កន្លែង ស្ថិតនៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ចំណែកគម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ មាន៤កំណាត់ ប្រវែងសរុប ២ ២២៥ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, កម្រាស់ ០,១៥ ម៉ែត្រ, និងសាងសង់លូមូលមុខមួយចំនួន១កន្លែង ស្ថិតនៅភូមិព្រែកជ្រូក និងភូមិបាក់ដាវក្រោម ក្នុងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយគម្រោងទាំងអស់ខាងលើនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។
ទាក់ទងគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ និងជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ។
នៅក្នុងចុះពិនិត្យវាយតម្លៃនេះដែរ, ឯកឧត្តម ឈឹម សៅគី សំណូមពរដល់អ្នកទទួលការធ្វើការត្រួតពិនិត្យ និងថែទាំលើផ្លូវខាងលើឱ្យបានល្អ ប្រកបដោយគុណភាពនិងសោភ័ណភាព ក្នុងនោះត្រូវសហការណែនាំ និងបំផុសប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមថែទាំផ្លូវ និងសំណង់សិល្បការ្យខាងលើ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និងកុំឱ្យមានរថយន្តដឹកទំនិញលើស ចំណុះធ្វើចរាចរ លើផ្លូវ ធ្វើយ៉ាងរក្សាគុណភាពផ្លូវនេះឱ្យបានគង់វង្សយូរអង្វែង និងចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់គ្រប់ៗគ្នា៕
អត្ថបទ៖ សុន រ៉ាឌី






