
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) ក្នុងតំបន់ហ្កាហ្សាស្រ្ទីប បាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែល បានបាញ់សំដៅទៅលើហ្វូងមនុស្សដែលប្រមូលផ្តុំគ្នាយកគ្រឿងផ្គត់ផ្គង់នៅឯកន្លែងផ្តល់ជំនួយភាគខាងជើងហ្កាហ្សា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសុខាភិបាលក្នុងតំបន់ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ជនជាតិប៉ាឡេស្ទីន ១១៨ នាក់បានស្លាប់ និងមនុស្ស ៧៦០ នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារនេះ។ អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ ដោយបន្ទោសការស្លាប់របស់ពួកគេលើការរត់ជាន់គ្នា ដែលបង្កឡើងដោយការលួចនៅកន្លែងផ្តល់ជំនួយ។
លោក អាលី អាល់ហ្កាលីដ (Ali Al-Ghaleed) ដែលជាវេជ្ជបណ្ឌិតផ្នែកថែទាំនៅមន្ទីរពេទ្យ អាល់ស៊ីហ្វា ដែលពាក់ព័ន្ធនឹងការព្យាបាលនោះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កណ្តាលចិនថា របួសរបស់ជនរងគ្រោះបង្ហាញថាពួកគេត្រូវបានគេបាញ់ មិនមែនដោយសាររត់ជាន់គ្នាទេ។
គ្រូពេទ្យរូបនេះបន្ថែមថា «របួសបង្ហាញថាប្រជាជនបានទទួលរងការបាញ់ប្រហារដោយផ្ទាល់ ហើយរបួសជាច្រើនទំនងជាបណ្តាលមកពីគ្រាប់កាំភ្លើង ឬគ្រាប់គ្រាប់បែក។ យើងនឹងព្យាបាលអ្នករបួសឱ្យល្អបំផុតតាមដែលអាចធ្វើបានក្រោមលក្ខខណ្ឌដែលមានស្រាប់»។
មន្ទីរពេទ្យ អាល់ស៊ីហ្វា ឥឡូវនេះកំពុងប្រឈមនឹងការខ្វះខាតបុគ្គលិកពេទ្យ បរិក្ខារពេទ្យ បន្ទប់វះកាត់ អង្គភាពថែទាំអ្នកជំងឺដែលពឹងផ្អែកខ្លាំង និងការធ្លាក់ចុះនៃសមត្ថភាពផ្នែកវេជ្ជសាស្ត្រទាំងមូល៕