
យានចម្លងរបស់ក្រុមហ៊ុន ស្ពេសអ៊ិច (SpaceX) មួយគ្រឿងបានហោះចេញពីរដ្ឋហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យ (០៣ មីនា) ដោយដឹកនាវិកអាមេរិកបីនាក់ និងអវកាសយានិករុស្ស៊ីម្នាក់ ធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ដើម្បីចាប់ផ្តើមបេសកកម្មវិទ្យាសាស្ត្ររយៈពេលប្រាំមួយខែនៅក្នុងគន្លងផែនដី។
យាន ហ្វាលខន-៩ (Falcon 9) ពីរដំណាក់កាល ដែលផ្ទុកដោយបន្ទប់យានអវកាស គ្រូដ្រាហ្គន (Crew Dragon) ដំណើរការដោយស្វ័យភាពដែលមានឈ្មោះថា អេនដៀវ័រ (Endeavor) ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស ខេនណេឌី (Kennedy) របស់អង្គការណាសា (NASA) នៅទីក្រុង ខេប ខាណាវើរ៉ាល (Cape Canaveral) តាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិក រដ្ឋហ្វ្លរីដា នៅម៉ោង ១០:៥៣ នាទីយប់ (ម៉ោងក្នុងស្រុក)។
សមាជិកនាវិកទាំងបួននាក់នោះ គ្រោងនឹងទៅដល់ស្ថានីយអវកាសនៅព្រឹកថ្ងៃអង្គារ (០៥ មីនា) បន្ទាប់ពីការហោះហើររយៈពេល ១៦ ម៉ោង ដោយចូលចតជាមួយមន្ទីរពិសោធន៍គន្លងគោចរ ដែលមានចម្ងាយប្រហែល ៤២០ គីឡូម៉ែត្រពីលើផែនដី។
ការបាញ់បង្ហោះយាន គ្រូ-អេច (Crew 8) នេះគឺជាបេសកកម្មស្ថានីយអវកាសអន្តរជាតិ ISS រយៈពេលវែងលើកទីប្រាំបី ដែលអង្គការណាសា បានហោះហើរលើយានអវកាសរបស់ក្រុមហ៊ុន ស្ពេសអ៊ិច ចាប់តាំងពីការបណ្តាក់ទុនយានចម្លងឯកជនត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) ហើយទីស្នាក់ការកណ្តាលនៅជិតទីក្រុង ឡសអេនជើឡេស (Los Angeles) បានចាប់ផ្តើមបញ្ជូនអវកាសយានិកអាមេរិកទៅកាន់គន្លងក្នុងខែឧសភា ឆ្នាំ២០២០៕