
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអាទិត្យ (០៣ មីនា) បានអំពាវនាវឱ្យដៃគូលោកខាងលិចរបស់អ៊ុយក្រែន បង្កើនឆន្ទៈនយោបាយដើម្បីផ្តល់ឱ្យទីក្រុងគីវ នូវការផ្គត់ផ្គង់យោធាចាំបាច់ បើមិនដូច្នោះទេពិភពលោកនឹងប្រឈមមុខនឹង «រឿងដ៏អាម៉ាស់បំផុតមួយនៃប្រវត្តិសាស្ត្រ»។
លោក ហ៊្សេឡិនស្គី បានធ្វើការអំពាវនាវនេះ ខណៈកញ្ចប់ជំនួយផ្នែកយោធារបស់សហរដ្ឋអាមេរិក និងជំនួយផ្សេងទៀតនៅតែត្រូវបានរារាំងដោយការខ្វែងគំនិតគ្នានៅក្នុងសភា។
នៅពេលដែលសង្រ្គាមបានកន្លងផុតទៅរយៈពេលពីរឆ្នាំកាលពីខែមុន កងកម្លាំងរុស្ស៊ីបានទទួលផលខ្លះៗនៅតាមបណ្តោយសមរភូមិជួរមុខ ១.០០០ គីឡូម៉ែត្រ ទោះបីជាការវិវត្តន៍នៃជួរមុខបានផ្លាស់ប្តូរតិចតួចក្នុងប៉ុន្មានខែនេះក៏ដោយ។
លោក ហ៊្សេឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួនថា ពិភពលោកត្រូវតែ «ប្រតិកម្មតបយ៉ាងម៉ឺងម៉ាត់» ដើម្បីធានាថាសង្រ្គាមនេះក្លាយជា «ការរកស៊ីខាត» សម្រាប់មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀ ពូទីន ដែលចង់បានតែ «សង្រ្គាម និងការបង្ហូរឈាម»។
លោកបានបន្តថា «ឆន្ទៈនយោបាយ គឺជារឿងសំខាន់ដើម្បីសម្រេចបាននូវសន្តិភាព និងដើម្បីធានាកម្រិតនៃការផ្គត់ផ្គង់ដែលនឹងជួយនាំជ័យជម្នះក្នុងសមរភូមិ»។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះកាន់តែបង្កើនការអំពាវនាវរបស់ខ្លួនឱ្យសភាសហរដ្ឋអាមេរិកអនុម័តជំនួយ ខណៈសង្រ្គាមនៅតែបន្តអូសបន្លាយ៕