តាកែវ ៖ គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៩ខែ ឆ្នាំ២០២០ មានការធ្លាក់ចុះ ចំនួន៣៨ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នា នឹងឆ្នាំ២០១៩ កន្លងមក បានឆក់យកអាយុជីវិត មនុស្សអស់ចំនួន៣៦នាក់។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល៩ខែឆ្នាំ២០២០ នៅថ្ងៃទី៧ ខែតុលា លោក ណុប នី ប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តតាកែវ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តតាកែវ បានកើតឡើង៥៣លើ ៨១លើកក្នុងឆ្នាំ២០១៩ ថយចុះស្មើនិង៣៤,៥៦% បណ្តាលអោយមនុស្សរងគ្រោះ ១០១ នាក់ ស្លាប់ចំនួន ៣៦នាក់ លើ ៥០នាក់ ថយចុះ២៨% និងខូចខាតមធ្យោបាយសរុប១០៣ គ្រឿង។
ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានណែនាំ និងស្នើឲ្យអាជ្ញាធរគ្រប់ក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យខ្លាំងក្លាបន្ថែមទៀត នៅពេលចុះតាមមូលដ្ឋាន ដើម្បីអោយពលរដ្ឋបានយល់ដឹងកាន់តែច្រើនពីច្បាប់ចរាចរណ៍ដើម្បីជាការរួមចំណែកមួយ ក្នុងការកាត់បន្ថយបញ្ហាគ្រោះចរាចរណ៍នៅកម្រិតទាប បំផុតនៅខេត្តរបស់យើង។
ឯកឧត្តម បន្តថា មានតែការចូលរួមផ្សព្វផ្សាយនៅតាមមូលដ្ឋាន និងនៅតាមសាលារៀន ពីសំណាក់អាជ្ញាធររបស់យើងនៅគ្រប់បណ្តាក្រុងស្រុងនោះទេ ទើបជាការល្អ ព្រោះការធ្លាក់ចុះ នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ កន្លងមក គឺបណ្ដាលមកពីការអនុវត្ត ច្បាប់និងការចុះផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅទូទាំងខេត្តតាកែវ៕