ឧត្តរមានជ័យ៖ តបតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ តាមយុទ្ធសាស្ត្រ《ផ្ការីក》ដែលជាចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់តេជោ ហ៊ុន សែន កម្លាំងជំនាញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មាន ២២ក្រុមស្មើនឹង ២២០នាក់ ដឹកនាំដោយប្រធានក្រុមសម្របសម្រួល ១៨នាក់ និងជំនួយការចំនួន ៥៣នាក់ សរុបទាំងអស់មានចំនួន ២៩១នាក់បានចុះបេសកកម្មទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់បងប្រធាន ហ៊ុន ម៉ានី ស្ម័គ្រចិត្តចូលរួមកិច្ចការសង្គម បម្រើប្រជាជន និងជាតិមាតុភូមិគ្រប់ទីកន្លែង មិនថាទីជិត ទីឆ្ងាយឯនាយជាយដែននោះទេ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដូសទី១ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ និងដូសទី២ ចាប់ពីថ្ងៃទី២៧ ខែកក្កដាដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ បើតាមបណ្ឌិត អ៊ី លីម៉ា អនុប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យចេនឡាបានលើកឡើងថា ក្រោយពីទទួលបានលិខិតឧទ្ទេសនាមពីក្រសួងសុខាភិបាល និងក្រោមការដឹកនាំរបស់ឯកឧត្តម លេង ផាលី ប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងមានតំណាងប្រធាន អនុប្រធានក្រុមនីមួយៗបានរៀបចំចាត់ចែង ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងទទួលបានជោគជ័យ គឺក្រុមការងារគ្រូពេទ្យបានទំនាក់ទំនង និងធ្វើកិច្ចសហការជាមួយថ្នាក់ដឹកនាំខេត្ត និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមនី្ទរសុខាភិបាលខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយធ្វើយ៉ាងណាឲ្យសម្ភារៈ ការស្នាក់នៅ និងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានភាពរលូនល្អប្រសើរ។
ជាចុងក្រោយឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា ដំណើរបេសកកម្មថ្មីនេះត្រូវបានអនុវត្ត បន្ទាប់ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបញ្ចប់ដោយជោគជ័យក្នុងការចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលដល់វេន ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងសូមឱ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត មិនខ្លាចការនឿយហត់ ដើម្បីសេចកី្តសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។ ហើយក៏សូមឲ្យលោកគ្រូ អ្នកគ្រូពេទ្យ ប្រធានក្រុមសម្របសម្រួល និងក្រុមការងារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងសូមជូនពរបងប្អូនធ្វើដំណើរដោយសុខសុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ៕
អត្ថបទ៖ រដ្ឋា
