
មេធាវីរបស់លោកស្រី Yingluck Shinawatra (យីងឡាក់ ស៊ីណាវ៉ាត់) និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា តុលាការកំពូលរបស់ប្រទេសថៃបានជម្រះរឿងក្ដីរបស់អតីតនាយករដ្ឋមន្ត្រីនិរទេសខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងធ្វេសប្រហែស នៅថ្ងៃចន្ទ (ទី៤ ខែមីនា) នេះ ពោលគឺជាសំណុំរឿង ដែលមានតាំងពីពេលលោកស្រីនៅកាន់តំណែង ក្នុងឆ្នាំ២០១៣។
លោកស្រី យីងឡាក់ ដែលជាសមាជិកដ៏លេចធ្លោម្នាក់នៃគ្រួសារដ៏មានឥទ្ធិពលត្រកូល ស៊ីណាវ៉ាត់ បានរស់នៅក្រៅប្រទេសរយៈពេល ៦ឆ្នាំចុងក្រោយនេះ ដើម្បីគេចពីការជាប់ពន្ធនាគារ ក្រោយមានការផ្តន្ទាទោសកាលពីមុន ពីបទបំពេញតួនាទីដោយធ្វេសប្រហែស បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រីត្រូវបានទម្លាក់ តាមរយៈរដ្ឋប្រហារយោធាឆ្នាំ២០១៤។
ការសម្រេចជាឯកច្ឆន្ទរបស់តុលាការ គឺជាលទ្ធផលអំណោយផលចុងក្រោយបំផុត សម្រាប់គ្រួសារ ស៊ីណាវ៉ាត់ ដែលគណបក្ស Pheu Thai (ភឿថៃ) របស់គ្រួសារនេះ កំពុងដឹកនាំរដ្ឋាភិបាល។ ថ្មីៗនេះ មេដឹកនាំលែងមានអំណាចរបស់គណបក្ស គឺលោកមហាសេដ្ឋី ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដោះលែងពីការឃុំខ្លួន ដោយមានការលើកលែងទោស ជុំវិញការកាត់ទោសដែលត្រូវបានបន្ធូរបន្ថយរយៈពេលជាប់ទោស។ យ៉ាងណាក្ដី តុលាការមិនទាន់ចេញសេចក្តីថ្លែងការណ៍ អំពីការសម្រេចនេះនៅឡើយទេ ពាក់ព័ន្ធនឹងរឿងក្ដីរបស់លោកស្រី យីងឡាក់ ដែលជាប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន។
សំណុំរឿង នៅថ្ងៃចន្ទនេះ បានកើតចេញពីពាក្យបណ្តឹងឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយប្រឆាំងនឹងលោកស្រី យីងឡាក់ និងបុគ្គល ៤នាក់ផ្សេងទៀត ដោយចោទប្រកាន់ពួកគេពីបទធ្វើឲ្យខូចប្រយោជន៍ប្រទេសជាតិ ដោយមិនអនុវត្តតាមដំណើរការដេញថ្លៃ ក្នុងការផ្តល់កិច្ចសន្យារដ្ឋាភិបាលដែលមានតម្លៃ ២៥០លានបាត (៦,៧១លានដុល្លារ).
មេធាវីលោក Noppadon Laothong បានប្រាប់សារព័ត៌មាន Reuters ថា តុលាការបានទម្លាក់ចោលសំណុំរឿងប្រឆាំងលោកស្រី យីងឡាក់ និងអ្នកផ្សេងទៀត ដោយសារតែពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ហើយមិនទទួលបានអត្ថប្រយោជន៍អ្វីទាំងអស់៕