
របាយការណ៍មួយដោយក្រុមអភិរក្ស នៅថ្ងៃចន្ទ (ទី៤ មីនា) នេះ បានឲ្យដឹងថា ការអភិវឌ្ឍដែលមិនអាចគ្រប់គ្រងបាន គំរាមកំហែងដល់បរិស្ថាន និងចំនួនត្រីចម្រុះរបស់ទន្លេមេគង្គ ដោយ១ភាគ៥នៃប្រភេទត្រីនៅក្នុងផ្លូវទឹកដែលជាសរសៃឈាមដ៏សំខាន់របស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយនេះប្រឈមនឹងការផុតពូជ។
ទន្លេមេគង្គដែលលាតសន្ធឹងជិត ៥.០០០គីឡូម៉ែត្រពីខ្ពង់រាបទីបេទៅកាន់សមុទ្រចិនខាងត្បូង គឺជាប្រភពកសិកម្ម និងនេសាទ សម្រាប់ប្រជាជនរាប់សិបលាននាក់ នៅក្នុងប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។
យោងតាមរបាយការណ៍ដែលចងក្រងដោយមូលនិធិសត្វព្រៃពិភពលោក និងក្រុមអភិរក្សសត្វព្រៃជាច្រើនទៀត បានឲ្យដឹងថា ការគំរាមកំហែងដល់ត្រីរបស់ទន្លេនេះ រួមមានការបាត់បង់ទីជម្រក ការបំប្លែងដីសើម ដើម្បីធ្វើកសិកម្ម និងវារីវប្បកម្ម ការជីកយករ៉ែខ្សាច់ដែលមិនអាចគ្រប់គ្រងបាន ការដាក់ចូលប្រភេទសត្វដែលយាយីសត្វដទៃ បម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ និងទំនប់វារីអគ្គិសនីដែលបំបែកលំហូររបស់ទន្លេ និងដៃទន្លេ។
របាយការណ៍របស់ក្រុមអភិរក្ស បានឲ្យដឹងថា ប្រហែល ១៩ភាគរយនៃប្រភេទត្រីចំនួន ១.១៤៨ប្រភេទ ឬច្រើនជាងនេះ នៅក្នុងទន្លេមេគង្គ កំពុងឆ្ពោះទៅរកការផុតពូជ ដោយបន្ថែមថា ចំនួនអាចខ្ពស់ជាងនេះ ដោយសារមានពត៌មានតិចតួចពេកដែលរកបាន គឺប្រហែល ៣៨ភាគរយនៃប្រភេទសត្វទាំងនោះ ដើម្បីវាស់ស្ទង់ស្ថានភាពអភិរក្សរបស់ពួកវា។
ក្នុងចំណោមប្រភេទសត្វដែលប្រឈមនឹងការផុតពូជមាន ១៨ប្រភេទដែលត្រូវបានចុះបញ្ជីថា ជាសត្វជិតផុតពូជ ដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ក្នុងនោះរួមទាំងប្រភេទត្រីឆ្លាំងដ៏ធំជាងគេបំផុតរបស់ពិភពលោកចំនួន ២ក្បាល ត្រីគល់រាំងដែលធំជាងគេបំផុតរបស់ពិភពលោក និងត្រីឆ្លាមទឹកសាបយក្សផងដែរ៕