
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថា កុមារជាច្រើននៅតំបន់ហ្កាហ្សា កំពុងស្លាប់ដោយសារខ្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភ ចំពេលលក្ខខណ្ឌអស់សង្ឃឹមដោយសារតែការបិទជំនួយរបស់អ៊ីស្រាអែល និងការបំផ្លាញដែនដីដែលឡោមព័ទ្ធ ដោយជំរុញឲ្យមានកិច្ចចរចាបទឈប់បាញ់ ជាបន្ទាន់ នៅសប្តាហ៍នេះ។
មន្ត្រីអ៊ីស្រាអែល បានប្រាប់សារព័ត៌មានCNNថា ក្រុមអ្នកចរចា បានប្រមូលផ្តុំគ្នានៅរដ្ឋធានីគែរនៃប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ដើម្បីចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស និងការដោះលែងចំណាប់ថ្នូរចេញពីតំបន់ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែល មិនបានបញ្ជូនគណៈប្រតិភូទេ ទោះបីជាមានការបង្កើនសម្ពាធអន្តរជាតិឲ្យបញ្ចប់អរិភាព និងអនុញ្ញាតឲ្យមានបង្កើនជំនួយមនុស្សធម៌ដែលកំពុង ត្រូវការយ៉ាងខ្លាំង។
មន្ត្រីរូបនេះ បាននិយាយថា ហេតុផល គឺដោយសារក្រុមហាម៉ាស មិនបានឆ្លើយតបទៅនឹងការទាមទាររបស់អ៊ីស្រាអែលចំនួនពីរគឺ បញ្ជីចំណាប់ថ្នូរអ៊ីស្រាអែលដែលបញ្ជាក់ថា អ្នកណានៅរស់ និងអ្នកដែលស្លាប់ និងការបញ្ជាក់អំពីសមាមាត្រនៃអ្នកទោសប៉ាឡេស្ទីនដែលត្រូវដោះលែងពីពន្ធនាគាររបស់អ៊ីស្រាអែល ជាថ្នូរនឹងចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួន នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារសហគមន៍នៅអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា។
ប្រភពមួយរបស់ហាម៉ាស បានប្រាប់សារព័ត៌មាន CNN នៅពេលដែលគណៈប្រតិភូហាម៉ាស បានទៅដល់ទីក្រុងគែរកាលពីថ្ងៃអាទិត្យថា ក្រុមសកម្មប្រយុទ្ធ ចង់បញ្ចប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍ មុនពេលយល់ព្រមដោះលែងចំណាប់ថ្នូរ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស មិនបានឆ្លើយតប ភ្លាមៗចំពោះសំណួររបស់សារព័ត៌មានCNNថាតើក្រុមសកម្មប្រយុទ្ធ បានឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់ អ៊ីស្រាអែលដែរឬទេ។