
ក្រសួងសេដ្ឋកិច្ច បានរាយការណ៍កាលពីថ្ងៃទី៣ ខែមីនាថា កិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Palantir ដើម្បីប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌នៅអ៊ុយក្រែន។
ជនជាតិអ៊ុយក្រែនជាង ២៧០នាក់ រួមទាំងកុមារ១៤នាក់ ត្រូវបានសម្លាប់ដោយគ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀត ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញទំហឹងរបស់រុស្ស៊ី។
លោក Yulia Svyrydenko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងនៅឯពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុងឡុងដ៍ថា៖«ការដោះមីន គឺជាដំណាក់កាលសូន្យនៃការស្តារឡើងវិញរបស់អ៊ុយក្រែន។ បច្ចុប្បន្ននេះ ផ្ទៃដី ១៥៦.000គីឡូម៉ែត្រការ៉េ ត្រូវបានញាំញីដោយគ្រាប់មីន ដែលប្រជាជនអ៊ុយក្រែនជាង៦លាននាក់ ប្រឈមនឹងហានិភ័យ» ។
លោក Serhii Reva ជាប្រធានផ្នែកដោះមីនរបស់សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយយ៉ាងពេញទំហឹងមក ក្រុមអ្នកដោះមីន បានកម្ទេចគ្រឿងផ្ទុះជាង ៤៧០.00 គ្រាប់ និងបានបោសសម្អាតផ្ទៃដីជាង ១.១៧០គីឡូម៉ែត្រការ៉េ។
ទោះជាយ៉ាងណា ការបោសសម្អាតដីនេះ នឹងក្លាយជាកិច្ចការដ៏ធំ និងមានរយៈពេលច្រើនឆ្នាំ។
លោក Svyrydenko បាននិយាយថា សមត្ថភាពក្នុងការពន្លឿនដំណើរការដោះមីន ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនដូចជា Palantir គឺជាឱកាសមួយ ដើម្បីជួយ សង្គ្រោះជីវិតមនុស្ស និងពន្លឿនការកសាងឡើងវិញរបស់អ៊ុយក្រែន។