អាមេរិក៖ ចំនួនអ្នកស្លាប់នៅក្នុងការដួលរលំអគារខុនដូមួយ នៅតំបន់ម៉ៃអាមីបានកើនឡើងដល់ ៨៦នាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីបុគ្គលិកសង្គ្រោះបានទាញយកសាកសពចំនួន ១៤នាក់បន្ថែមទៀតពីកម្ទេចអគារបែកបាក់ ហើយបាននិយាយថា ពួកគេបានកាយគំនរកម្ទេចកំទីស្ទើររាបដល់ដី។

អភិបាលក្រុងលោកស្រី Daniella Levine Cava បានប្រាប់សន្និសីទសារព័ត៌មានថា មនុស្ស ៦១នាក់នៅតែបាត់ខ្លួន និងត្រូវគេបារម្ភថាស្លាប់នៅក្នុងគំនរបាក់បែកបេតុង និងដែកថែបនៃអគារជាប់មាត់សមុទ្រកម្ពស់ ១២ជាន់នៅតំបន់ Surfside។ ក្រុមអ្នកសង្គ្រោះកំពុងធ្វើការប្រហែលម៉ោង ១៦ថ្ងៃដែលបានកាត់បន្ថយទំហំគំនរបាក់បែកពី ៤ ទៅ ៥ជាន់ជិតដល់ជាន់ផ្ទាល់ដី។ ក្រុមអ្នកស៊ើបអង្កេតពុំទាន់អាចកំណត់បាននៅឡើយទេ ពីមូលហេតុនាំឲ្យអគារ Champlain Towers South បាក់រលំដោយគ្មានការព្រមានជាមុន៕
អត្ថបទ៖ សុខមាន