
ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី៤ ខែមីនា) នេះ បាននិយាយថា ក្រុមអ្នកលួចព័ត៌មានតាមប្រព័ន្ធអ៊ិនធឺណិតរបស់កូរ៉េខាងជើង បានចូលមើលទិន្នន័យក្នុងក្រុមហ៊ុនផលិតឧបករណ៍ផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូងយ៉ាងហោចណាស់ចំនួន២ ខណៈដែលប្រទេសនេះសម្លឹងរកការគេចពីការដាក់ទណ្ឌកម្ម ហើយផលិតបន្ទះអេឡិចត្រូនិកផ្ទាល់ខ្លួន សម្រាប់កម្មវិធីអាវុធ។
ដំណឹងនេះកើតមានឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមានថា កូរ៉េខាងជើងអាចបង្ករឿង ដូចជាការវាយប្រហារតាមអ៊ីនធឺណិត ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតសភាខែមេសា។
សេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) បានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូង គឺជាគោលដៅសំខាន់របស់ពួកអ្នកលួចព័ត៌មានវិទ្យាកូរ៉េខាងជើង តាំងពីចុងឆ្នាំមុន ហើយបានអំពាវនាវឲ្យមានការរឹតបន្តឹងសន្តិសុខកាន់តែតឹងរ៉ឹងជាងមុន។
NIS បានប្រាប់ថា កូរ៉េខាងជើងបានជ្រៀតចូលម៉ាស៊ីនមេរបស់ក្រុមហ៊ុនចំនួន២ នៅក្នុងខែធ្នូ និងខែកុម្ភៈ ដោយបានលួចយកគំនូររចនាផលិតផល និងរូបថតនៃគ្រឿងបរិក្ខាររបស់ក្រុមហ៊ុន។
NIS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងជឿជាក់ថា កូរ៉េខាងជើងទំនងជាកំពុងរៀបចំផលិតបន្ទះអេឡិកត្រូនិកផ្ទាល់ខ្លួន នៅពេលប្រឈមនឹងការលំបាក ក្នុងការទិញឧបករណ៍នេះ ដោយសារការដាក់ទណ្ឌកម្ម»៕