ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានរាយការណ៍កាលពីថ្ងៃចន្ទ (០៤ មីនា) ថាមាន «ហេតុផលច្បាស់លាស់» ដើម្បីជឿថា អំពើហឹង្សាផ្លូវភេទ រួមទាំងការរំលោភសេពសន្ថវៈ និងការរំលោភដោយក្រុមជនអន្ធពាល បានកើតឡើងនៅទីតាំងជាច្រើនក្នុងអំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស។

ក្រុមអ្នកជំនាញ ដែលដឹកនាំដោយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអំពើហឹង្សាផ្លូវភេទក្នុងជម្លោះ លោកស្រី ប្រាមីឡា ផាតថេន (Pramila Patten) បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនៅចន្លោះថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ក្នុងបេសកកម្មដែលមានបំណងប្រមូលផ្តុំ វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានស្តីពីអំពើហិង្សាផ្លូវភេទ ដែលទាក់ទងនឹងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា។

ក្រុមអង្គការសហប្រជាជាតិនេះបានបន្ថែមថា ខ្លួនក៏ទទួលបានព័ត៌មានពីប្រភពស្ថាប័ន និងសង្គមស៊ីវិល និងការសម្ភាសន៍ដោយផ្ទាល់អំពី «អំពើហិង្សាផ្លូវភេទប្រឆាំងនឹងបុរស និងស្ត្រីប៉ាឡេស្ទីននៅក្នុងកន្លែងឃុំឃាំង កំឡុងការវាយឆ្មក់តាមផ្ទះ និងនៅប៉ុស្តិ៍ត្រួតពិនិត្យ» នៅអ៊ីស្រាអែល បន្ទាប់ពីថ្ងៃទី០៧ ខែតុលា ផងដែរ។

ក្រុមអ្នកជំនាញនេះបាននិយាយថា ខ្លួនបានលើកឡើងការចោទប្រកាន់ទាំងនេះជាមួយក្រសួងយុត្តិធម៌ និងអគ្គមេធាវីយោធារបស់អ៊ីស្រាអែល ប៉ុន្តែខាងអ៊ីស្រាអែលបាននិយាយថា ខ្លួនមិនទទួលបានការតវ៉ាអំពីអំពើហិង្សាផ្លូវភេទណាមួយលើសមាជិកនៃកងកម្លាំងរបស់ខ្លួននោះទេ៕