រុស្ស៊ី៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសរុស្ស៊ី បានឈានដល់កំណត់ត្រាប្រចាំថ្ងៃមួយផ្សេងទៀត ខណៈដែលក្រុមអាជ្ញាធរបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៧៥២នាក់ ស្របពេលករណីឆ្លងនៅតែបន្តហក់ឡើងខ្ពស់។

ក្រុមការងារពិសេសទទួលបន្ទុកការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍បានរាយការណ៍ករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាចំនួន ២៥,០៨២នាក់ ចំនួនសរុបនៃការឆ្លងវីរុសដែលបានបញ្ជាក់បានកើនឡើងពីប្រហែល ៩.០០០នាក់នៅដើមខែមិថុនាដល់ជាង ២៣.០០០នាក់នៅដើមខែកក្កដានេះ។ ក្រុមមន្ត្រីបានសន្មតថា មានការកើនឡើងជាលំដាប់នៃការឆ្លង និងការកើនឡើងនៃមរណភាព គឺដោយសារតែការរីករាលដាលនៃវីរុសបម្លែងខ្លួនថ្មី Delta។ ទោះបីជាមានការកើនឡើងក៏ដោយ ក៏វិមានក្រឹមឡាំងបាននិយាយថា មិនមានផែនការអនុវត្តន៍វិធានការបិទខ្ទប់ផ្សេងទៀតទេ។
ប្រទេសរុស្ស៊ីធ្លាប់បានបិទខ្ទប់ទូទាំងប្រទេសកាលពីនិទាឃរដូវឆ្នាំ២០២០ ដែលមានរយៈពេល ៦សប្តាហ៍ ហើយរដ្ឋាភិបាលបានប្រឆាំងនឹងវិធានការបិទខ្ទប់មួយផ្សេងទៀត ដើម្បីចៀសវាងការប៉ះពាល់សេដ្ឋកិច្ច។ ក្រុមការងារពិសេសទទួលបន្ទុកការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ីបានរាយការណ៍ថា មានអ្នកឆ្លងវីរុសនេះជាង ៥លាន ៧សែននាក់ ហើយមានអ្នកស្លាប់សរុបចំនួន ១៤២.២៥៣នាក់ដោយសារជំងឺរាតត្បាតសកលនេះ៕
អត្ថបទ៖ សុខមាន