ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា កុមារកាន់តែច្រើនកំពុងស្លាប់ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ។

លោក Tedros Adhanom Ghebreyesus បាននិយាយថា ដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារនេះកាលពីចុងសប្ដាហ៍ទៅកាន់មន្ទីរពេទ្យអាល់ អាវដា (Al-Awda)និងមន្ទីរពេទ្យកាម៉ាល់ អាដវ៉ាន់ (Kamal Adwan)គឺជាលើកដំបូង ចាប់តាំងពីដើមខែតុលាមក។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមលោកបានសរសេរថាកង្វះអាហារនាំឲ្យកុមារ១០នាក់បានស្លាប់ ហើយកម្រិតកង្វះអាហារូបត្ថម្ភ ខ្ពស់បំផុត ស្របពេលដែលអគារមន្ទីរពេទ្យនានាត្រូវបានបំផ្លាញ។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានរាយការណ៍កាលពីចុងសប្ដាហ៍មុនថា កុមារ១៥នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងជាតិទឹកនៅមន្ទីរពេទ្យកាម៉ាល់ អាដវ៉ាន់។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការវ៉ាហ្វា(Wafa) បានរាយការណ៍កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា កុមារទី១៦បានស្លាប់ កាលពីថ្ងៃអាទិត្យនៅមន្ទីរពេទ្យមួយក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង ។
លោក Tedros បានរាយការណ៍ថា មានកម្រិតកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ កុមារកាន់តែច្រើនកំពុងស្លាប់ដោយសារអត់ឃ្លាន កង្វះប្រេងឥន្ធនៈ ស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រធ្ងន់ធ្ងរ អគារមន្ទីរពេទ្យនានាត្រូវបានបំផ្លិចបំផ្លាញក្នុងតំបន់ហ្កាហ្សាភាគខាងជើងជាទីដែលមនុស្សប្រមាណ៣០ម៉ឺននាក់កំពុងរស់នៅដោយសល់អាហារ ឬទឹកស្អាតតិចតួច ៕