រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ហ៊ួទី លោក Misfer Al-Numair បាននិយាយកាលពីថ្ងៃចន្ទថា នាវាទាំងអស់នឹងត្រូវទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរកិច្ចការដែនសមុទ្រដែលគ្រប់គ្រងដោយហ៊ួទីរបស់ប្រទេសយេម៉ែន មុនពេលចូលទៅក្នុងដែនទឹកយេម៉ែន។

ក្រុមសកម្មប្រយុទ្ធហ៊ួទី បានធ្វើការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ នៅឈូងសមុទ្រ Aden ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដោយនិយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

ការវាយប្រហារស្ទើរតែរាល់ថ្ងៃ បានបង្ខំឲ្យក្រុមហ៊ុនបង្វែរទិសដៅដ៏វែងឆ្ងាយ និងចំណាយច្រើន នៅជុំវិញទ្វីបអាហ្វ្រិកខាងត្បូង ហើយបានបង្កការភ័យខ្លាចថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចបង្កអស្ថិរភាពដល់មជ្ឈិមបូព៌ាកាន់តែធំឡើង។ សហរដ្ឋអាមេរិក និងអង់គ្លេស បានវាយប្រហារទៅលើគោលដៅរបស់ក្រុមហ៊ួទី ជាការឆ្លើយតប។

ដែនទឹកដែលរងផលប៉ះពាល់ដោយបទបញ្ជាយេម៉ែន លាតសន្ធឹងពាក់កណ្តាលផ្លូវចូលទៅក្នុងច្រកសមុទ្រ Bab al-Mandab ទទឹង២០គីឡូម៉ែត្រ (១២ម៉ាយ) ជាមាត់ច្រកតូចចង្អៀតនៃសមុទ្រក្រហម ដែលតាម រយៈនោះ ប្រហែល១៥ភាគរយនៃចរាចរណ៍ដឹកជញ្ជូនរបស់ពិភពលោកឆ្លងកាត់តាមផ្លូវរបស់វាទៅកាន់ឬពីព្រែកជីកស៊ុយអេ (Suez Canal)។
ទូរទស្សន៍ Al Masirah TV ដែលជាបណ្តាញព័ត៌មានទូរទស្សន៍សំខាន់ដែលគ្រប់គ្រងដោយចលនា ហ៊ួទី ដែលមានសម្ព័ន្ធភាពអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយថា (យើង) បានត្រៀមខ្លួនជាស្រេច ដើម្បីជួយសំណើសុំការអនុញ្ញាត និងកំណត់អត្តសញ្ញាណនាវាជាមួយកងទ័ពជើងទឹកយេម៉ែន ហើយយើងបញ្ជាក់ថា នេះ គឺចេញពីការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ នេះបើតាមការបញ្ជាក់របស់ លោកAl-Numair។
ក្រុមហ៊ុន HGC Global Communications ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ខ្សែកាប្លិ៍ទំនាក់ទំនងក្រោមទឹកចំនួន៤ ដូចជា Asia-Africa-Europe 1, Europe India Gateway, Seacom និង TGN-Gulf ត្រូវរងការខូចខាត កាលពីសប្តាហ៍មុន នៅក្នុងសមុទ្រក្រហមដោយពុំបានបញ្ជាក់ពីមូលហេតុទេ។