បេសកជនពិសេសអាមេរិក លោក Amos Hochstein បាននិយាយកាលពីថ្ងៃចន្ទថា បទឈប់បាញ់នៅ តំបន់ហ្កាហ្សា នឹងមិននាំឲ្យមានការបញ្ចប់ដោយស្វ័យប្រវត្តិចំពោះអរិភាពនៅទូទាំងព្រំដែន ភាគខាងត្បូងនៃប្រទេសលីបង់ ហើយលោកបានព្រមានអំពីហានិភ័យពីការកើនឡើងនៃជម្លោះនេះ។

លោក Hochstein កំពុងបំពេញទស្សនកិច្ចនៅទីក្រុងបេរូត ( Beirut) ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់ការបាញ់ប្រហារគ្នារយៈពេល៤ ខែរវាងក្រុមហេបូឡា និងអ៊ីស្រាអែល ដែលបានកើតឡើងស្របគ្នានឹងសង្រ្គាមហ្កាហ្សា។

នេះគឺជាជម្លោះដ៏អាក្រក់បំផុតនៅទូទាំងព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ចាប់តាំងពីសង្រ្គាមឆ្នាំ ២០០៦ ដែលបង្កឲ្យមានការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នា កាន់តែធំឡើង។
លោកបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជួបជាមួយប្រធានសភានៃប្រទេសលីបង់ Nabih Berri ដែលស្និទ្ធនឹងហេសបូឡាថា៖«ការកើនឡើងនៃអំពើហិង្សា គឺគ្មានផលប្រយោជន៍របស់នរណាម្នាក់ឡើយ ហើយមិនមានអ្វីជាសង្គ្រាមមានដែនកំណត់ទេ»។
លោក Hochstein បានបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅតាមព្រំដែន បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោកបានបន្ថែមថា៖«បទឈប់បាញ់បណ្តោះអាសន្ន គឺមិនគ្រប់គ្រាន់ទេ។ សង្គ្រាមមានដែនកំណត់ គឺមិនអាចទប់ស្កាត់បានទេ»។
អនុប្រធានសភាលីបង់ លោក Elias Bou Saab បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកជឿថា ពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក Hochstein បានបង្ហាញពីវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងជុំវិញបទឈប់បាញ់ហ្កាហ្សា។