តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានប្រគល់ជ័យជម្នះដ៏ធំមួយដល់លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃចន្ទ (០៤ មីនា) ដោយរារាំងរដ្ឋនានាពីការដកសិទ្ធិបេក្ខជនការិយាល័យសហព័ន្ធ ក្រោមបទប្បញ្ញត្តិធម្មនុញ្ញពាក់ព័ន្ធនឹងការបះបោរ និងច្រានចោលការដកឈ្មោះលោក ត្រាំ ចេញពីសន្លឹកឆ្នោតរដ្ឋ ខូឡូរ៉ាដូ (Colorado)។

ក្រុមយុត្តិធម៌បានបដិសេធជាឯកច្ឆ័ន្ទលើការសម្រេចកាលពីថ្ងៃទី១៩ ខែធ្នូ ដោយតុលាការកំពូលនៃរដ្ឋ ខូឡូរ៉ាដូ ក្នុងការដកឈ្មោះអតីតប្រធានាធិបតីរូបនេះចេញពីសន្លឹកឆ្នោតនៃការបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋនៅថ្ងៃអង្គារ (០៦ មីនា) បន្ទាប់ពីរដ្ឋនេះបានរកឃើញថាវិសោធនកម្មទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក បានដកសិទ្ធិលោកពីការកាន់តំណែងសាធារណៈម្តងទៀត។

ក្រុមយុត្តិធម៌បានកំណត់ថាមានតែសភាប៉ុណ្ណោះដែលអាចអនុវត្តបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញប្រឆាំងនឹងអ្នកកាន់តំណែងសហព័ន្ធ និងបេក្ខជន។ សេចក្តីសម្រេចនេះត្រូវបានដាក់ចេញនៅមុនថ្ងៃ ស៊ុបភើ ធ្យូសដេ (Super Tuesday) ដែលជាថ្ងៃបោះឆ្នោតបឋមដ៏ធំរបស់បេក្ខជនប្រធានាធិបតីអាមេរិក ខណៈរដ្ឋភាគច្រើនធ្វើការប្រកួតប្រជែងជ្រើសរើសតាមគណបក្ស។
ជ័យជម្នះលើរឿងក្ដីរបស់លោក ត្រាំ នេះបានកើតឡើងរយៈពេលប្រាំថ្ងៃបន្ទាប់ពីក្រុមយុត្តិធម៌បានយល់ព្រមសម្រេចលើការទាមទារអភ័យឯកសិទ្ធិរបស់លោក ត្រាំ ពីការកាត់ទោសលើការចោទប្រកាន់ទាក់ទងនឹងការព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ ដែលលោកប្រធានាធិបតី ចូ បៃដិន បានទទួលជ័យជម្នះ ៕