ក្រុមហាម៉ាស និងក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីប បាននិយាយកាលពីថ្ងៃចន្ទ (០៤ មីនា) ថាពួកគេបានបន្តកិច្ចពិភាក្សានៅទីក្រុងគែរ ស្តីពីការធានាបទឈប់បាញ់ហ្កាហ្សា ទោះបីជាអ៊ីស្រាអែល សម្រេចមិនបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចពិភាក្សានោះក៏ដោយ ខណៈទីក្រុងវ៉ាស៊ីនតោន បានជំរុញម្តងទៀតឱ្យមានបទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរ និងផែនការកាត់បន្ថយគ្រោះមហន្តរាយមនុស្សធម៌។

អ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយជាសាធារណៈលើកិច្ចចរចាទីក្រុងគែរទេ ប៉ុន្តែប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីស្រាអែលមិនទៅចូលរួមដោយសារតែក្រុមហាម៉ាស មិនផ្តល់បញ្ជីចំណាប់ថ្នូរដែលនៅរស់ ខណៈពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្កាហ្សានេះនិយាយថា ពួកគេនឹងផ្តល់បញ្ជីឈ្មោះចំណាប់ថ្នូរនៅពេលពួកគេយល់ព្រមលើលក្ខខណ្ឌបទឈប់បាញ់។

ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបាននិយាយថា អ្នកសម្រុះសម្រួលកំពុងទាក់ទងជាមួយអ៊ីស្រាអែល ដែលអនុញ្ញាតឱ្យការចរចាបន្តបាន ទោះបីជាពួកគេអវត្តមានក៏ដោយ។
ប្រភពប៉ាឡេស្ទីនដែលស្និទ្ធនឹងកិច្ចចរចានេះបាននិយាយថា ការពិភាក្សានៅតែ «មិនមានភាពងាយស្រួល» ដោយអ៊ីស្រាអែល ប្រកាន់ខ្ជាប់នូវការទាមទាររបស់ខ្លួនសម្រាប់បទឈប់បាញ់បណ្តោះអាសន្នដើម្បីដោះលែងចំណាប់ថ្នូរ ខណៈក្រុមហាម៉ាស កំពុងស្វះស្វែងរកការធានាថាសង្រ្គាមនឹងមិនចាប់ផ្តើមម្តងទៀត៕
