ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (០៥ មីនា) នេះថាក្រសួងការពារជាតិរបស់កូរ៉េខាងជើង បានជំរុញឱ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធា ដោយនិយាយថាសមយុទ្ធនោះជាការហាត់សមសម្រាប់សង្គ្រាម ហើយបានព្រមានអំពីផលវិបាកដែលកើតមានពីសកម្មភាពយោធានោះ។

យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធនិទាឃរដូវប្រចាំឆ្នាំរបស់ពួកគេកាលពីថ្ងៃចន្ទ ជាមួយនឹងចំនួនទាហានពីរដងបើធៀបនឹងឆ្នាំមុន ដោយស្វះស្វែងកែលម្អការឆ្លើយតបរបស់ពួកគេចំពោះការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិទីក្រុងព្យុងយ៉ាង បាននិយាយថា កូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលខ្លួនហៅថាសមយុទ្ធយោធា «មិនប្រុងប្រយ័ត្ន» និងជំរុញឱ្យពួកគេបញ្ឈប់ជាបន្ទាន់។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងត្រូវ «ជួបផលវិបាកសម្រាប់ជម្រើសខុសឆ្គងរបស់ពួកគេ» ដោយបានប្តេជ្ញាថានឹងធ្វើ «សកម្មភាពយោធាដើម្បីគ្រប់គ្រងយ៉ាងមុតមាំនូវបរិយាកាសសន្តិសុខរបស់ខ្លួន»។

អ្នកនាំពាក្យរូបនោះបន្ថែមថា សមយុទ្ធនេះមិនមែនជាការការពារទេ ប៉ុន្តែជាការប៉ុនប៉ងដើម្បីឈ្លានពានកូរ៉េខាងជើង ដោយចង្អុលបង្ហាញទៅលើទំហំកើនឡើងនៃសមយុទ្ធ និងការចូលរួមពីបណ្ដាប្រទេសសមាជិកចំនួន ១១ នៃបញ្ជាការរបស់អង្គការសហប្រជាជាតិ៕