ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារ (០៥ មីនា) នេះថាខ្លួនបានចាត់វិធានការគ្រប់គ្រងលើនាវាហ្វីលីពីន ដែលបានចូលដោយខុសច្បាប់ទៅក្នុងដែនទឹកដែលនៅជាប់នឹងដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាកោះមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍របស់ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតដែនទឹកទឹកជាប់នឹងថ្មប៉ប្រះទឹក រ៉េណៃ (Renai) ដែលត្រូវគេស្គាល់ថាជាដែនទឹក សេខិន ថូម៉ាស ស្ហូល និងជាតំបន់មួយនៅក្នុងសមុទ្រចិនខាងត្បូង ដែលបានឃើញការប៉ះទង្គិចជាច្រើនដោយឆ្មាំល្បាតឆ្នេរចិន និងនាវាហ្វីលីពីនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
ឆ្មាំល្បាតឆ្នេរចិនបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយអំពីឧប្បត្តិហេតុចុងក្រោយបង្អស់រវាងប្រទេសទាំងពីរ ជាមួយនឹងសកម្មភាពឆ្មាំល្បាតឆ្នេរកន្លងមក រួមទាំង «ការលុកលុយខុសដោយច្បាប់លើដែនទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal)» កាលពីថ្ងៃទី២៣ ខែកុម្ភៈ។

ប្រទេសចិន ទាមទារអធិបតេយ្យភាពលើផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាការទាមទារកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៦ បានរកឃើញថាការទាមទាររបស់ប្រទេសចិននេះមិនមានមូលដ្ឋានផ្លូវច្បាប់ទេ៕