លោកនាយករដ្ឋមន្ត្រីចិន លី ឈាង (Li Qiang) បានទទួលស្គាល់ថាការអនុវត្តសេដ្ឋកិច្ចរបស់ប្រទេសចិនបានប្រឈមនឹងភាពលំបាក ដោយបន្ថែមថាបញ្ហាជាច្រើនទាំងនេះមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។បញ្ហានេះបានកើតឡើងនៅពេលប្រទេសចិនកំពុងព្យាយាមស្តារសេដ្ឋកិច្ចឲ្យរីកចម្រើនឡើងវិញ។

លោកបានបន្តថា ហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានក្នុងវិស័យអចលនទ្រព្យ បំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ និងស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និងមធ្យម មានសភាពធ្ងន់ធ្ងរក្នុងផ្នែកមួយចំនួន។ នៅក្រោមកាលៈទេសៈទាំងនេះ យើងបានប្រឈមបញ្ហាជាច្រើនក្នុងការសម្រេចចិត្តបង្កើតគោលនយោបាយ និងធ្វើការងាររបស់យើង។

វិធានការផ្សេងទៀតដើម្បីជួយដោះស្រាយកំណើនសេដ្ឋកិច្ចកំពុងងើបឡើងវិញយឺតរបស់ប្រទេសនេះពីជំងឺរាតត្បាតក៏ត្រូវបានគូសបញ្ជាក់ផងដែរ រួមទាំងការបង្កើតគំនិតផ្តួចផ្តើមថ្មីដើម្បីដោះស្រាយបញ្ហានៅក្នុងវិស័យអចលនទ្រព្យដែលរងគ្រោះដោយវិបត្តិរបស់ប្រទេសនេះ។ ទីក្រុងប៉េកាំងក៏មានគោលបំណងបន្ថែមការងារចំនួន១២ លាន កន្លែង នៅក្នុងតំបន់ទីក្រុងផងដែរ។

លោកនាយករដ្ឋមន្ត្រី Li បាននិយាយថា បទប្បញ្ញត្តិនៃទីផ្សារហិរញ្ញវត្ថុក៏នឹងកើនឡើងផងដែរ ខណៈពេលការស្រាវជ្រាវនឹងកើនឡើងនៅក្នុងបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រជីវិត។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសេដ្ឋកិច្ចចិនបានពង្រីកក្នុងអត្រាខ្ពស់បំផុត ដោយតួលេខផ្លូវការដាក់ផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនកើនឡើងជាមធ្យមជិត ១០% ក្នុងមួយឆ្នាំ។
នៅលើមាគ៌ា ដែលខ្លួនបានវ៉ាដាច់ប្រទេសជប៉ុនដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ទីក្រុងប៉េកាំងបានអះអាងថាខ្លួនបានដកប្រជាជនរាប់រយលាននាក់ចេញពីភាពក្រីក្រ។
ក្រុងប៉េកាំងនិយាយថាកាលពីឆ្នាំមុនថា សេដ្ឋកិច្ចបានកើនឡើង ៥,២% ទោះថាកម្រិតនោះទាបសម្រាប់ប្រទេសចិនក្ដី។ ទោះជាយ៉ាងណា ក្រុមអ្នករិះគន់ខ្លះអះអាងថា តួលេខពិតអាចមានតិចជាងមួយភាគបីនៃចំនួននោះ៕