អ្នកជំនាញ មកពីប្រទេសនានាជុំវិញពិភពលោក កំពុងពិភាក្សាអំពីរបៀបដាក់វិធានការរឹតត្បិតលើការប្រើប្រាស់ប្រព័ន្ធអាវុធស្វ័យកម្មដ៏គ្រោះថ្នាក់ ឬ LAWS នៅក្នុងសន្និសីទសារព័ត៌មានមួយនៅប្រទេសស្វីស។ កិច្ចប្រជុំ បានចាប់ផ្តើមនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទ ក្នុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើអ្វីដែលជារឿយៗត្រូវបានចាត់ទុកថា ជាបច្ចេកវិទ្យា «អមនុស្សធម៌»។

ប្រព័ន្ធដែលជំរុញដោយបញ្ញាសិប្បនិម្មិតបែបនេះ ត្រូវបានកំណត់យ៉ាងទូលំទូលាយថា អាចជ្រើសរើស និងវាយប្រហារ គោលដៅដោយស្វ័យប្រវត្តិ ដោយគ្មានការអន្តរាគមន៍ពីប្រតិបត្តិករមនុស្ស។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអ្នកតំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការរំសាយអាវុធ លោកស្រី Nakamitsu Izumi ថ្លែងទៅកាន់សន្និសីទតាមរយៈវីដេអូដែលបានថតទុកមុន ដោយលោកស្រី បានអំពាវនាវឱ្យមានការបង្កើតច្បាប់អន្តរជាតិជាបន្ទាន់ និងបាននិយាយថា ការប្រើប្រាស់ប្រព័ន្ធសព្វាវុធសបែបនេះ មិនគួរត្រូវបានឆ្លងកាត់។
អ្នកតំណាងអាជ្ញាធរប៉ាឡេស្ទីនម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីប្រព័ន្ធអាវុធស្វ័យកម្មដ៏គ្រោះថ្នាក់ ឬ LAWS នៅថ្ងៃដំបូងនៃសន្និសីទ។

មន្ត្រីរូបនេះ បានថ្កោលទោសចំពោះការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) របស់យោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយបានអំពាវនាវឱ្យមានការរឹតត្បិតលើការអភិវឌ្ឍន៍បច្ចេកវិទ្យានេះ រហូតដល់មានកិច្ចព្រមព្រៀងលើវិធានការសុវត្ថិភាព។ ក្រុមមន្ត្រី បាននិយាយថា ភាគីពាក់ព័ន្ធនឹងចំណាយពេលបីឆ្នាំខាងមុខទៀត ដើម្បីពិភាក្សាអំពីប្រភេទសព្វាវុធប្រភេទណា ដែលគួរត្រូវបានផ្តោតទៅលើ និងថាតើត្រូវណែនាំការរឹតត្បិតស្របច្បាប់ដោយរបៀបណា ក្នុងចំណោមចំណុចផ្សេងៗទៀត។
មន្ត្រី និយាយថា ពួកគេ មានគោលបំណងអនុម័តឯកសារមួយ ដោយផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សា។ កាលពីខែធ្នូ ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវឱ្យមានវិធានការជាបន្ទាន់ប្រឆាំងប្រព័ន្ធអាវុធស្វ័យកម្មដ៏គ្រោះថ្នាក់ ឬ LAWS ប៉ុន្តែដោយរុស្ស៊ី និងប្រទេសចំនួនបីផ្សេងទៀត បានបោះឆ្នោតប្រឆាំង ហើយប្រទេសចំនួន ១១ រួមទាំងប្រទេសចិន និងអ៊ីស្រាអែល បានអនុប្បវាទ។