ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ស្ពានមួយកន្លែងដែលកំពុងស្ថិតក្រោមការសាងសង់ នៅលើផ្លូវរថភ្លើងក្រោមដី នៅទីក្រុង Toulouse ជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសបារាំង បានបាក់កាលពីរសៀលថ្ងៃច័ន្ទ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។

ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ផ្នែកមួយនៃស្ពានដែលកំពុងសាងសង់ បានបាក់រលំនៅការដ្ឋានសំណង់ ទីសសេអូ(Tisseo) លើផ្លូវរថភ្លើងក្រោមដីទីក្រុង Toulouse កាលពីថ្ងៃចន្ទ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

ទីសសេអូ(Tisseo) គឺជាអាជ្ញាធរដឹកជញ្ជូនសាធារណៈសម្រាប់ទីក្រុង Toulouse ហើយស្ពាន ដែលបានបាក់នោះ មានទីតាំងនៅក្នុងសហគមន៍ Labege មានចម្ងាយប្រហែល ១៤ គីឡូម៉ែត្រពីកណ្តាលទីក្រុង Toulouse ជាទីក្រុងធំទីបួនរបស់ប្រទេសបារាំង។ របាយការណ៍ បាននិយាយថា ប្រតិបត្តិការស្វែងរក នៅតែកំពុងធ្វើបន្ត ដើម្បីបញ្ជាក់ពីចំនួនអ្នកស្លាប់។