អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេសហៃទីខណៈមានការកើនឡើងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាល បង្ខំឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រត់ភៀសខ្លួនចេញពីរដ្ឋធានីព័រ-អូប្រាំង(Port-au-Prince)។

អ្នកនាំពាក្យរបស់លោក Antonio Guterres គឺលោក Stephane Dujarric បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថារដ្ឋធានីនេះ ប្រឈមនឹងវិបត្តិស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនដ៏ឆាប់រហ័ស។
លោកបាននិយាយ ដោយបញ្ជាក់ពីក្ដីបារម្ភរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិថា ក្រុមជនអន្ធពាលប្រដាប់អាវុធ បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ កាលពីចុងសប្ដាហ៍នេះ រួមទាំងប៉ុស្តិ៍នគរបាល និងពន្ធនាគារ២កន្លែង។

ក្រុមជនអន្ធពាលបានព្រមានប្រជាពលរដ្ឋជុំវិញរដ្ឋធានីព័រ អូប្រាំង ឲ្យទុកកូនចៅនៅក្នុងផ្ទះ ទោះបីជារដ្ឋាភិបាលហៃទី បានបញ្ជាក់ថា សាលារៀននៅតែបើកបង្រៀនជានិច្ចក៏ដោយ។
ប្រទេសហៃទីបានធ្លាក់ក្នុងភាពចលាចល ដោយសារការរាលដាលនៃអំពើហិង្សារបស់ក្រុមជនអន្ធពាលរយៈពេលជាង២ឆ្នាំ ចាប់តាំងពីការធ្វើឃាត លោកប្រធានាធិបតី ចូវេណេល ម៉យ (Jovenel Moise ខែកក្កដា ឆ្នាំ២០២១។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយថាត្រឹមតែរយៈពេល៣ថ្ងៃ កាលពីសប្ដាហ៍មុន មានមនុស្សប្រមាណ១៥.០០០នាក់ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាក្នុងរដ្ឋធានីនេះ ភាគច្រើននៃពួកគេមកពីជំរំស្នាក់នៅបណ្ដោះអាសន្ននៅតាមសាលារៀន មន្ទីរពេទ្យ ទីលានចតុរង្គនានា ជាដើម៕